លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ (០៩ កុម្ភៈ) ថា ផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការសម្រុះសម្រួលឆាប់រហ័សក្នុងជម្លោះអ៊ុយក្រែន គឺមិនត្រឹមតែបញ្ឈប់សង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធានាថា ផែនការនោះអាចរារាំងរុស្ស៊ី មិនឱ្យបើកការវាយប្រហារជាថ្មីម្ដងទៀតនៅពេលអនាគត។

លោក Zelenskiy និយាយថា អ៊ុយក្រែនមិនចង់បានបទពិសោធន៍នៃកិច្ចព្រមព្រៀងសន្តិភាព និងការពិភាក្សា ដែលមិនមានលទ្ធផលម្ដងទៀតទេ ដូចដែលធ្លាប់កើតឡើងក្នុងប៉ុន្មានឆ្នាំមុនពេលប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ២០២២ ហើយនោះមានន័យថា ការធានាសុវត្ថិភាពគឺត្រូវតែមាន។

លោក Zelenskiy បានប្រាប់ ITV របស់ចក្រភពអង់គ្លេសថា “ជម្លោះដែលបង្កក នឹងនាំឱ្យមានការវាយប្រហារកាន់តែខ្លាំងម្តងហើយម្តងទៀត។ លោក Trump មិនត្រឹមតែត្រូវបញ្ចប់សង្រ្គាមប៉ុណ្ណោះទេ តែលោកត្រូវតែចាត់វិធានការកុំឱ្យមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឱកាសធ្វើសង្រ្គាមម្តងទៀត"។

លោក Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោកប្រហែលជានឹងជួបលោក Zelenskiy នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាម។ កាសែត New York Post បានរាយការណ៍កាលពីចុងសប្តាហ៍ថា លោក Trump បានពិភាក្សាតាមទូរសព្ទជាមួយលោក Putin ពីការបញ្ចប់សង្គ្រាម ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង ថាខ្លួនមិនអាចបញ្ជាក់ ឬបដិសេធរបាយការណ៍នេះបានទេ៕