នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅក្នុងសភា នៅពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះថា រដ្ឋាភិបាលអូស្ត្រាលី នឹងជំរុញឱ្យសហរដ្ឋអាមេរិកផ្តល់ការលើកលែងចំពោះការដំឡើងពន្ធលើដែកថែប ហើយបានលើកឡើងពីបញ្ហានេះជាមួយរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ។

លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈថា លោកនឹងដាក់ចេញការដំឡើងពន្ធថ្មី២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ចូលទៅកាន់សហរដ្ឋអាមេរិក បន្ថែមលើពន្ធលោហៈដែលមានស្រាប់ ជាការបង្កើនដ៏ច្រើនមួយទៀតនៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់លោក។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន BlueScope Steel ដែលចុះបញ្ជីនៅប្រទេសអូស្ត្រាលី បានកើនឡើងជិត ២% ។ ក្រុមហ៊ុននេះធ្វើប្រតិបត្តិការរោងចក្រ North Star Mill ក្នុងរដ្ឋអូហៃយ៉ូ(Ohio) ហើយមានបុគ្គលិកប្រហែល ៤.០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក។