យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់កិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការបង្កើនភាពតានតឹងនៅក្នុងតំបន់។

យោធាសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធយោធារបស់ប្រទេសទាំងពីរ បានបង្ហាញពីកម្លាំងទ័ពអាកាសរួមគ្នា និងការត្រៀមខ្លួនដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរក្សាជំហរការពារដ៏រឹងមាំ។កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ លោក គីម បាននិយាយថា ការដាក់ពង្រាយទ្រព្យយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក សមយុទ្ធសង្រ្គាម និងកិច្ចសហប្រតិបត្តិការយោធា ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងធ្វើឲ្យមានអតុល្យភាពយោធានៅក្នុងតំបន់ និងបង្កើនបញ្ហាប្រឈមធ្ងន់ធ្ងរដល់ស្ថានភាពសន្តិសុខ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។

ទាហានសហរដ្ឋអាមេរិកប្រហែល ២៨.៥០០នាក់ កំពុងដាក់ទីតាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។