ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ កុម្ភៈ) ថា គ្រោះទុរ្ភិក្សត្រូវបញ្ចៀសបានភាគច្រើនហើយនៅក្នុងតំបន់ហ្កាហ្សា ដោយសារការកើនឡើងនៃជំនួយចូលក្នុងទឹកដីនេះក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយ ប៉ុន្តែលោកព្រមានថា ការគំរាមកំហែងអាចនឹងវិលមកវិញយ៉ាងឆាប់រហ័ស ប្រសិនបើបទឈប់បាញ់ត្រូវដួលរលំ។

លោក Tom Fletcher បានលើកឡើងបែបនេះទៅកាន់សារព័ត៌មាន AP បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់តំបន់ហ្កាហ្សា ជាទីដែលរថយន្តដឹកជំនួយមនុស្សធម៌រាប់រយគ្រឿងបានមកដល់ជារៀងរាល់ថ្ងៃ ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា មក។

លោក Fletcher បានសង្កត់ធ្ងន់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើង ថាតើបទឈប់បាញ់អាចត្រូវបានបន្តឬទេ ខណៈការពិភាក្សាសម្រាប់ដំណាក់កាលទីពីរជួបការពិបាកជាច្រើន។ ដំណាក់កាលទីមួយដែលមានរយៈពេលប្រាំមួយសប្តាហ៍ ដំណើរការបានពាក់កណ្តាលទីហើយ។

អស់ជាច្រើនខែមុនពេលមានបទឈប់បាញ់បច្ចុប្បន្ន ក្រុមអ្នកឃ្លាំមើលសន្តិសុខស្បៀង មន្ត្រីអង្គការសហប្រជាជាតិ និងអ្នកផ្សេងទៀត បានព្រមានអំពីគ្រោះទុរ្ភិក្សដែលអាចកើតមាននៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញ ជាពិសេសនៅភាគខាងជើង ជាទីឯកោយ៉ាងទូលំទូលាយ ចាប់តាំងពីសប្តាហ៍ដំបូងបំផុតនៃសង្រ្គាមជិត ១៦ខែមក៕