ជនជាតិអ៊ីរ៉ាក់ ១៥៥គ្រួសារ ដែលមានមនុស្សសរុបចំនួន ៥៦៩នាក់ បានចាកចេញពីជំរំជនភៀសខ្លួន al-Hol នៅភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើមាតុភូមិនិវត្តន៍ចុងក្រោយដែលសម្របសម្រួលរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងរដ្ឋាភិបាលអ៊ីរ៉ាក់។

ការចាកចេញនេះ គឺជាលើកទី ២១ ចាប់តាំងពីប្រទេសអ៊ីរ៉ាក់ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី បានចាប់ផ្តើមសម្របសម្រួលការចាកចេញរបស់គ្រួសារអ៊ីរ៉ាក់ ដែលផ្លាស់ទីលំនៅពីជំរំ ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់ និងអតីតសាខារបស់ក្រុមរដ្ឋឥស្លាម (IS)។
នេះ គឺជាការចាកចេញលើកទី៤ ក្នុងឆ្នាំ ២០២៥ ខណៈដែលកិច្ចខិតខំប្រឹងប្រែង កំពុងបន្តនិរទេសជនជាតិអ៊ីរ៉ាក់ ដែលនៅសេសសល់ នៅក្នុងជំរំនេះ។
គ្រួសារដែលត្រលប់មកវិញទាំងអស់នេះ ត្រូវបានគេរំពឹងថា នឹងត្រូវផ្លាស់ទីលំនៅទៅកាន់ជំរំ Jadaa ក្បែរទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលពួកគេ នឹងឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ និងចូលរួមក្នុងកម្មវិធីសមាហរណកម្មដែលគ្រប់គ្រងដោយអាជ្ញាធរអ៊ីរ៉ាក់។

យោងតាមអ្នកគ្រប់គ្រងជំរំបានឲ្យដឹងថា ប្រជាជនអ៊ីរ៉ាក់ប្រហែល ១៥.000 នាក់ នៅតែស្ថិតក្នុងជំរំ al-Hol ហើយគ្រោងនឹងរៀបចំក្បួនធ្វើមាតុភូមិនិវត្តន៍យ៉ាងហោចណាស់ពីរ ក្នុងមួយខែ ដើម្បីពន្លឿនការវិលត្រឡប់របស់ពួកគេ ទៅកាន់ប្រទេសកំណើតវិញ។