ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍នៅថ្ងៃចន្ទ (១០ កុម្ភៈ) នេះថា ប្រធានាធិបតីចិន លោក Xi Jinping បានទទួលយកការអញ្ជើញរបស់ភាគីរុស្ស៊ី ក្នុងការចូលរួមពិធីរំលឹកខួបនៃទិវាជ័យជម្នះសូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។

TASS បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចិន លោក Igor Morgulov ដែលប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា "លោកប្រធានាធិបតីចិន Xi Jinping បានទទួលយកការអញ្ជើញឱ្យចូលរួមក្នុងការប្រារព្ធពិធីនៅថ្ងៃទី០៩ ខែឧសភា នៅទីក្រុងមូស្គូ ក្នុងឱកាសខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ" ។

វិមានក្រឹមឡាំងធ្លាប់បាននិយាយកាលពីខែធ្នូថា ខ្លួនបានអញ្ជើញ "ប្រទេសជាច្រើន" ឱ្យចូលរួមក្នុងខួបលើកទី៨០ នៃការបញ្ចប់សង្រ្គាម ដែលប្រជាជនរុស្ស៊ីហៅថា "សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ"។

គួររម្លឹកថា សហភាពសូវៀត បានបាត់បង់មនុស្សចំនួន ២៧លាននាក់ នៅក្នុងសង្គ្រាមលោកលើកទី២ រួមទាំងមនុស្សជាច្រើនលាននាក់នៅអ៊ុយក្រែន ប៉ុន្តែនៅទីបំផុតបានរុញច្រានកងកម្លាំងណាហ្ស៊ី ត្រឡប់ទៅទីក្រុងប៊ែរឡាំងវិញ ជាទីដែលមេដឹកនាំណាហ្ស៊ី លោក Adolf Hitler បានធ្វើអត្តឃាត ហើយបដាជ័យជម្នះសូវៀតពណ៌ក្រហម ត្រូវបានលើកឡើងនៅលើអគាររដ្ឋាភិបាលដ៏ចំណាស់ Reichstag ក្នុងឆ្នាំ១៩៤៥៕