ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងសេតវិមានកាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្តួចផ្តើមការដំឡើងពន្ធជាច្រើន និងបានធ្វើការគំរាមកំហែងកាន់តែញឹកញាប់បន្ថែមទៀតក្នុងការយកពន្ធលើទំនិញនាំចូល។ ទាំងនោះមានចាប់ពីប្រភេទធំទូលាយ - ពន្ធសកលលើទំនិញនាំចូលពីបរទេស - រហូតដល់ទំនិញជាក់លាក់ជាច្រើន ក្នុងកិច្ចប្រឹងប្រែងដើម្បីឱ្យអ្នកផ្សេងទៀតបំពេញតាមតម្រូវការគោលនយោបាយរបស់ខ្លួន។

ការគំរាមកំហែងរបស់លោក Trump ផ្លាស់ប្តូរតាមពេលវេលា ដោយរាប់ពីការយកពន្ធតូចតាច រហូតដល់ចំនួនលើសពី ២០០% ដែលធ្វើឱ្យប្រទេស និងអ្នកធុរកិច្ចផ្សេងទៀតស្មានមិនត្រូវពីអ្វីដែលនឹងកើតឡើងបន្ទាប់។ មូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់លោក Trump គឺការដាក់ចេញជាដំណាក់កាលនៃពន្ធសកល លើការនាំចូលទាំងអស់ទៅអាមេរិក។

បន្ទាប់ពីភាពតានតឹងពន្ធរវាងកាណាដា ម៉ិកស៊ិក និងចិន លោក Trump និយាយថាលោកនឹងដាក់ពន្ធ "ទៅវិញទៅមក" ដែលហាក់ដូចជាកំណត់គោលដៅលើប្រទេសដែលយកពន្ធច្រើនលើទំនិញអាមេរិក ប៉ុន្តែលោកមិនបញ្ជាក់ឱ្យច្បាស់ទេ។ អ្នកសេដ្ឋកិច្ចនិយាយថា គោលនយោបាយលោក Trump នឹងបង្កអតិផរណា ខណៈអាជីវកម្មនាំចូល ដែលបង់ពន្ធ ទំនងជានឹងបង្កើនតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់។

ដៃគូពាណិជ្ជកម្មសកលអាចដាក់ពន្ធប្រឆាំង ដោយផ្តោតលើការនាំចេញផលិតផលកសិកម្ម ថាមពល និងគ្រឿងម៉ាស៊ីនរបស់អាមេរិក ដូចដែលចិន បានធ្វើរួចមកហើយជាវិធានការសងសឹក។ ទាំងនេះអាចពង្រីកទៅជាសង្រ្គាមពាណិជ្ជកម្មទូទាំងពិភពលោក ដែលបង្កើតភាពមិនច្បាស់លាស់កាន់តែខ្លាំងសម្រាប់អាជីវកម្ម និងអ្នកវិនិយោគ៕