អ្នកនាំពាក្យយោធា បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើង បានវាយប្រហារលើក្បួនរថយន្ត ដែលអមដំណើរដោយកងទ័ពរបស់ប្រទេសម៉ាលី ដោយបានសម្លាប់ជនស៊ីវិល ២៥នាក់ ដែលភាគច្រើនជាអ្នកជីករ៉ែមាស។

ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃសុក្រ មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីទីក្រុង Gao ដែលជាទីក្រុងដ៏ធំបំផុត នៅភាគឦសានរបស់ប្រទេសនេះ ជាទីដែលក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាដែលកំពុងកាន់អំណាច បានធ្វើប្រតិបត្តិការ។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុតលើជនស៊ីវិល នៅឆ្នាំនេះ។

អ្នកនាំពាក្យយោធាលោក Souleymane Dembele បាននិយាយថា ក្រុមអ្នកវាយប្រហារ បានកំណត់គោលដៅលើក្បួនរថយន្តប្រហែល ៦០គ្រឿង ដែលអមការពារដោយកងទ័ព។ លោកបានបន្ថែមថា ទាហាន បានជួយជនរងគ្រោះ និងបានបញ្ជូនអ្នករបួស ១៣នាក់ ទៅមន្ទីរពេទ្យ Gao។
លោក Dembele បានបញ្ជាក់ថា អ្នកវាយប្រហារចំនួន ៤នាក់ បានរងរបួស ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអ្នកស្លាប់និងរងរបួសរបស់កងទ័ព។
ក្រុមជាច្រើនប្រតិបត្តិការ នៅក្នុងតំបន់នេះ ក្នុងនោះមានក្រុមរដ្ឋឥស្លាមដេស( Daesh) ក្រុមJNIM មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមផ្សេងទៀតមកពីតំបន់ Azawad ដែលប្រឆាំងនឹងរបបយោធារបស់ប្រទេសម៉ាលី។