យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើផ្លូវរូងក្រោមដីមួយ នៅព្រំដែនរវាងប្រទេសស៊ីរី និងប្រទេសលីបង់ ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា ដើម្បីរត់ពន្ធអាវុធ។
យោធាបាននិយាយមួយថ្ងៃ បន្ទាប់ពីខ្លួនបានវាយប្រហារឃ្លាំងអាវុធ ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅភាគខាងត្បូងប្រទេសស៊ីរីថា យន្តហោះអ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយផ្អែកលើព័ត៌មានសម្ងាត់ជាក់លាក់ ទៅលើច្រកឆ្លងកាត់ផ្លូវរូងក្រោមដី ពីទឹកដីស៊ីរី ចូលទៅក្នុងទឹកដីលីបង់។
នៅក្នុងការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃអាទិត្យ យោធាបាននិយាយថា ខ្លួនក៏បានវាយលុក «ទីតាំងជាច្រើនផ្សេងទៀតរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។
ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា៖«យន្តហោះចម្បាំងអ៊ីស្រាអែលដ៏គ្រោះថ្នាក់«បានបើកការវាយឆ្មក់ជាច្រើន នៅព្រំដែនលីបង់-ស៊ីរី រួមទាំងយន្តហោះមួយគ្រឿ ដែលកំណត់គោលដៅទៅលើច្រកឆ្លងកាត់មួយ។