ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃអាទិត្យថា គ្មាននរណាម្នាក់ មានអំណាច ក្នុងការយកប្រជាជនហ្កាក្សាចេញពីទឹកដីកំណើតដែលបំផ្លិចបំផ្លាញដោយសង្រ្គាមរបស់ពួកគេនោះទេ ដោយបានច្រានចោលផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ក្នុងការបណ្តេញប្រជាជនប៉ាឡេស្ទីន និងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកគ្រប់គ្រង។
លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មាន នៅពេលយប់ នៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល មុនពេលហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ីថា៖«គ្មាននរណាម្នាក់ មានអំណាច ក្នុងការផ្លាស់ទីលំនៅប្រជាជននៃតំបន់ហ្កាហ្សា ចេញពីស្រុកកំណើតគ្មានទីបញ្ចប់របស់ពួកគេ ដែលមានអាយុកាលរាប់ពាន់ឆ្នាំហើយនោះទេ»។
គួរបញ្ជាក់ផងដែរថា «តំបន់ហ្កាហ្សា តំបន់វេសបែង និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត គឺជាកម្មសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន»។
សំណើរបស់លោក ត្រាំ ក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីនជាងពីរលាននាក់ ដែលរស់នៅក្នុងតំបន់ ហ្កាហ្សា និងកសាងតំបន់ឡើងវិញ បានជំរុញឲ្យមានប្រតិកម្មជាសកល ដោយបានធ្វើឲ្យពិភពអារ៉ាប់ និងមូស្លីម ខឹងសម្បាយ៉ាងខ្លាំង។
ប្រធានាធិបតីអាមេរិក បានប្រកាសសំណើរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ក្នុងសន្និសីទសារព័ត៌មាន រួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ដែលបានសាទរសំណើនេះថា ជា «គំនិតល្អដំបូង ដែលខ្ញុំបានឮ«អំពីអ្វីដែលត្រូវធ្វើជាមួយនឹងទឹកដី ដែលហែកហួរដោយសង្រ្គាមនេះ។