ប្រទេសរុស្ស៊ី នឹងបង្ហាញគំរូផលិតផលយោធារបស់ខ្លួនជាង ៥០០ប្រភេទ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ Aero India លើកទី ១៥ ដែលនឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាស Yelahanka ក្នុងទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ។
យន្តហោះ Su-57E ដែលជាយន្តហោះចម្បាំងជំនាន់ទី ៥ ចុងក្រោយបង្អស់របស់រុស្ស៊ី និងគ្រាប់បែក Lancet-E ដែលបង្ហាញពីប្រសិទ្ធភាពរបស់ពួកវា នៅលើសមរភូមិ ក្នុងតំបន់ប្រតិបត្តិការយោធាពិសេស នឹងត្រូវបានដាក់តាំងបង្ហាញ នៅក្នុងប្រទេសឥណ្ឌា ជាលើកដំបូង។
ប្រទេសរុស្ស៊ី គឺជាអ្នករៀបចំការតាំងពិព័រណ៍យ៉ាងសកម្ម នៅព្រឹត្តិការណ៍ Aero India ដែលជាការតាំងពិព័រណ៍លំហអាកាសដ៏ធំបំផុតរបស់ប្រទេសខាងត្បូង ដែលបានប្រារព្ធឡើង តាំងពីឆ្នាំ ១៩៩៦។ នៅពេលនេះ ក្រុមហ៊ុនផ្នែកការពារជាតិសំខាន់ៗរបស់រុស្ស៊ីជាង ១០ នឹងចូលរួម នៅក្នុងព្រឹត្តិការណ៍ Aero India ២០២៥។
លោក Vadim Badekha នាយកប្រតិបត្តិនៃសាជីវកម្ម United Aircraft Corporation (UAC ដែលជាផ្នែកមួយនៃសាជីវកម្មរដ្ឋ Rostec) បាននិយាយមុននេះថា ដៃគូរយៈពេលវែង «កំពុងតម្រង់ជួរគ្នា» រង់ចាំ ការទម្រង់នាំចេញនូវយន្តហោះចម្បាំងជំនាន់ទី ៥ របស់ប្រទេសរុស្ស៊ី។ នៅមុនពេល Aero India ២០២៥ ចាប់ផ្តើម អនុរដ្ឋមន្ត្រីការពារជាតិរបស់សាធារណរដ្ឋនេះ លោក Sanjeev Kumar បាននិយាយថា ប្រទេសឥណ្ឌា កំពុងសិក្សាពីសមត្ថភាពរបស់យន្តហោះចម្បាំងពហុមុខងាររបស់រុស្ស៊ី Su-57 សម្រាប់ការទិញជាសក្តានុពល។