បាត់ដំបង ៖ អភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង លោកស្រី ប៊ិន បូឡែន បានឲ្យដឹងថា ប្រជាពលរដ្ឋជិត១០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ប៊ិន បូឡែន បានបញ្ជាក់ថា “ក្រុមការងារបាន ជម្លៀសប្រជាពលរដ្ឋ៩៨គ្រួសារ ក្នុងភូមិឈូក ភូមិកម្រែង និងភូមិច្រាំងខ្ពស់ ទៅកាន់ទីទួលសុវត្ថិភាព ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យលិចលង់ផ្លូវថ្នល់ ស្ពាន និងប៉ះពាល់ដល់ទំនប់សម្រាប់ទប់ ទឹកមួយចំនួន។ តែមកដល់ពេលនេះ ពលរដ្ឋពីរភូមិបានវិលត្រឡប់ទៅផ្ទះវិញហើយ ដែលមានភូមិកម្រែង និងភូមិច្រាំងខ្ពស់ ដោយឡែកនៅភូមិឈូក ត្រង់ចំណុចបឹងតាសុខ ប្រជាពលរដ្ឋ បន្តនៅទីទួលសុវត្ថិភាព ចំនួន៦៥គ្រួសារ។
បន្ថែមពីលើនេះ ជំនន់ទឹកភ្លៀងនេះក៏មានការជន់លិចកំណាត់ផ្លូវ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ មួយចំនួន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សីផងដែរ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះ អភិបាលស្រុករុក្ខគិរី បានជូនដំណឹង ដល់ប្រជាពលរដ្ឋរស់នៅតាម បណ្ដោយដងស្ទឹង នៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការហក់ឡើងយ៉ាងគំហុកនូវទឹកក្នុងទំនប់អាងបាសាក់៕
អត្ថបទ៖ នឿត សុភក្ត្រ







