យោងតាមសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) នៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនកម្មករមួយចំនួនធំទៅកាន់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២៤ ក៏ដូចជាកងទ័ពផងដែរ។
NIS បានឲ្យដឹងកាលពីថ្ងៃទី៩ ខែកុម្ភៈថា កូរ៉េខាងជើងបានបញ្ជូន «កម្មកររាប់ពាន់នាក់ទៅការដ្ឋានសំណង់ នៅក្នុងផ្នែកផ្សេងៗនៃប្រទេសរុស្ស៊ី» ក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាចំនួនដែលបានកើនឡើង ចាប់តាំងពីមានផ្ដល់ជូននូវការប៉ាន់ប្រមាណ កាលពីខែតុលា។
បន្ទាប់មក NIS បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កម្មករកូរ៉េខាងជើងប្រហែល ៤.០០០នាក់ ត្រូវបានគេជឿថា មាននៅក្នុងប្រទេសរុស្ស៊ីរួចហើយ ដោយកម្មករម្នាក់ៗត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែប្រហែល ៨០០ដុល្លារ។
បើយោងតាមតំណាងគណបក្សប្រជាធិបតេយ្យកូរ៉េ លោក Wi Sung-lac ដែលជាឯកអគ្គរដ្ឋទូតទីក្រុងសេអ៊ូលប្រចាំនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីអាចនឹងជ្រើសរើសបុគ្គលិកកូរ៉េខាងជើង ដើម្បីបំពេញចន្លោះប្រហោង ក្នុងឧស្សាហកម្មសំណង់ ដែលបង្កើតឡើងដោយការលុកលុយដ៏យូររបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។
លោក Wi បានប្រាប់សារព័ត៌មាន The Korea Herald កាលពីថ្ងៃទី៩ ខែកុម្ភៈថា៖ «ខ្ញុំគិតថា កម្មករកូរ៉េខាងជើង ប្រហែលជាត្រូវបានជ្រើសរើស ដើម្បីបង្កើតការខ្វះខាតកម្លាំងពលកម្ម បន្ទាប់ពីមនុស្សជាច្រើន ត្រូវបានកេណ្ឌចូលទាហាន ដើម្បីធ្វើសង្រ្គាម»។
ការដាក់ពង្រាយពលករ នៅបរទេសរបស់កូរ៉េខាងជើង បានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 2375 ដែលហាមឃាត់ការចេញប័ណ្ណការងារដល់ពលករកូរ៉េខាងជើង។ ក្រោមសេចក្ដីសម្រេចនោះ កម្មករកូរ៉េខាងជើងដែលមានស្រាប់ទាំងអស់ ត្រូវបានតម្រូវឲ្យវិលទៅប្រទេសកំណើរតវិញ នៅចុងខែធ្នូ ឆ្នាំ២០២៩៕