ទីផ្សារអាស៊ីបានបើកដំណើរការជួញដូរ នៅថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) នេះ ចំពេលមានភាពតានតឹងនៃការដំឡើងពន្ធជាសាកល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ការយកពន្ធបន្ថែមទៀត នឹងជិតកើតមានហើយ ក្នុងនោះរួមទាំងពន្ធបន្ថែមលើដែកថែប និងអាលុយមីញ៉ូមផងដែរ ជាចំណាត់ការអតិផរណា ដែលអាចកំណត់វិសាលភាព សម្រាប់ការកាត់បន្ថយអត្រាការប្រាក់។

សន្ទស្សន៍ទីផ្សារភាគហ៊ុន Shanghai Composite (SSE) របស់ប្រទេសចិន បានបើកការជួញដូរជាមួយនឹងតម្លៃខ្ពស់ជាងមុន ៤,៣៧ពិន្ទុ ឬ ០,១៣ភាគរយ ដោយចាប់ផ្ដើមនៅ ៣.៣០៨,៤០ពិន្ទុ ខណៈដែលនៅទីក្រុងហុងកុង សន្ទស្សន៍ភាគហ៊ុន Hang Seng ក៏បានបើកការជួញដូរតម្លៃខ្ពស់ដែរ ពោលគឺឡើង ៩០ពិន្ទុ ឬ ០,៤២ភាគរយ ដោយចាប់ផ្ដើមនៅ ២១,២២៣ពិន្ទុ។
តែទន្ទឹមនឹងនេះ នៅប្រទេសកូរ៉េខាងត្បូង សន្ទស្សន៍តម្លៃភាគហ៊ុនកូរ៉េ (KOSPI) បានធ្លាក់ចុះ ៣,៤៦ពិន្ទុ ឬ ០,១៤ភាគរយ ដោយចាប់ផ្ដើមនៅ ២.៥១៨,៤៦ពិន្ទុ គិតត្រឹមម៉ោង ១:៣១នាទី ម៉ោងសកល។ ចំណែកនៅប្រទេសជប៉ុន សន្ទស្សន៍ភាគហ៊ុន Nikkei 225 បានធ្លាក់ចុះ ៥០,៦៥ពិន្ទុ ដោយធ្លាក់មកត្រឹម ៣៨.៧៣៦,៣៧ពិន្ទុ៕

