មន្ត្រីជាន់ខ្ពស់ ៣រូបរបស់រដ្ឋបាលលោក Donald Trump នឹងធ្វើដំណើរដាច់ដោយឡែកពីគ្នាទៅកាន់តំបន់អឺរ៉ុប ក្នុងសប្តាហ៍នេះ ដោយបញ្ហាសន្តិសុខ និងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ុយក្រែន ត្រូវបានរំពឹងថា នឹងក្លាយជាចំណុចសំខាន់នៃការពិភាក្សារបស់ពួកគេ។
ប្រធានាធិបតី លោក Donald Trump ដែលកំពុងជំរុញរបៀបវារៈ «America First» (អាមេរិកទី១) របស់លោក បានចោទសួរអំពីការប្តេជ្ញាចិត្តសន្តិសុខរបស់អាមេរិក នៅក្នុងទ្វីបអឺរ៉ុប និងអំពាវនាវឲ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិឲ្យខ្ពស់ជាងមុន ខណៈដែលរដ្ឋបាលរបស់លោករហូតមកដល់ពេលនេះ បានបន្តស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់ ស្ដីអំពីផែនការរបស់លោក សម្រាប់ជំនួយអ៊ុយក្រែន នាពេលអនាគត។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយយោធារាប់សិបពាន់លានដុល្លារដល់ទីក្រុងគីវ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden ប៉ុន្តែរដ្ឋបាលរបស់លោក Trump មិនទាន់ផ្តល់ជំនួយបន្ថែមនៅឡើយទេ បើទោះបីជានៅសល់រាប់ប្រាក់ពាន់លានដុល្លារពីអ្នកកាន់តំណែងមុនក៏ដោយ។
អនុប្រធានាធិបតី លោក JD Vance នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសបារាំង ហើយបន្ទាប់មកចូលរួមសន្និសិទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ រួមជាមួយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ដែលនឹងធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់តំបន់មជ្ឈិមបូព៌ា។
ទន្ទឹមនឹងនេះ ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth នឹងទៅទស្សនកិច្ចទីស្នាក់ការកណ្តាលនៃទីបញ្ជាការយោធាអាមេរិកចំនួន២ នៅអាល្លឺម៉ង់ មុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ (NATO) និងការជួបជុំអ្នកគាំទ្រអន្តរជាតិរបស់អ៊ុយក្រែន ក្នុងប្រទេសបែលហ្ស៊ិក បន្ទាប់មកធ្វើដំណើរទៅប៉ូឡូញ ដើម្បីពិភាក្សាជាមួយមេដឹកនាំរបស់ប្រទេសនេះ៕