អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) នេះ បានចាត់ថា ជា «រឿងដ៏អាម៉ាស់» សម្រាប់ការមានផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពាក់ព័ន្ធនឹងដែនដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម។
លោក Trump បានបង្កឲ្យមានការខឹងសម្បាជាសកល ដោយបានស្នើកាលថ្ងៃទី៤ ខែកុម្ភៈថា ទីក្រុងវ៉ាស៊ីនតោន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប យកប្រជាជនចេញ ហើយប្រែក្លាយតំបន់នេះឲ្យទៅជា «Riviera of the Middle East» (តំបន់បជ្ឈិមបូព៌ាដ៏ស៊ីវិល័យ)។

អំឡុងពេលនិយាយនៅក្នុងការជជែកដេញដោលតាមទូរទស្សន៍មុនការបោះឆ្នោត លោក Scholz បានចាត់ទុកផែនការនេះថា ជា «រឿងដ៏អាម៉ាស់» ហើយបាននិយាយថា «ការផ្លាស់ទីលំនៅរបស់ប្រជាជន គឺមិនអាចទទួលយកបាន ហើយផ្ទុយនឹងច្បាប់អន្តរជាតិ»។
គូប្រជែងការបោះឆ្នោតខាងក្រុមអភិរក្សនិយមរបស់លោក គឺលោក Friedrich Merz បាននិយាយថា៖ «ខ្ញុំសូមចូលរួមចែករំលែកការវាយតម្លៃនេះ»។ ប៉ុន្តែលោកបានបន្ថែមថា ការប្រកាសរបស់លោក Trump គឺជា «ផ្នែកនៃសំណើជាបន្តបន្ទាប់ទាំងអស់ដែលចេញមកពីរដ្ឋាភិបាលអាមេរិក»។
លោក Merz បានបញ្ជាក់ថា៖ «យើងត្រូវរង់ចាំមើលថា តើលទ្ធផលពិតប្រាកដ នឹងចេញមកយ៉ាងណា មុនពេលវាយតម្លៃ។ ប្រហែលជាមានពាក់ព័ន្ធនឹងវោហារសាស្ត្រច្រើនជាង តែការអនុវត្តចាក់ស្ដែង អាចនឹងខុសគ្នា»៕


