ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ ក្នុងឱកាសដែរក្រេសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប(EU) និងមូលនិធិអាស៊ី អឺរ៉ុប នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី អឺរ៉ុប ដែលជាព្រឹតិ្តការណ៍អមផ្លូវ ការមួយ ក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការ ផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។
ក្នុងសនិ្នសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។
ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» ការច្នៃប្រឌិត និងភាពចម្រុះ នៃវប្បធម៌អាស៊ី និងអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ជាមួយនឹងសិល្បៈទស្សនីយភាពច្រើនទម្រង់ ការតាំងពិព័រណ៍ ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា។ តាមរយៈតន្រ្តី របាំ ល្ខោន អក្សរសិល្ប៍ ស្ថាបត្យកម្ម វិចិត្រសិល្បៈ និងភាពយន្ត បាននាំមកនូវកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងប្រទេសទាំង៥១ នៅអាស៊ី និងអឺរ៉ុប ដែលជាចំណងទំនាក់ទំនង នៃទ្វីបទាំងពីរ។
ទន្ទឹមគ្នានោះដែរលោក ទិហាមៀ ហ្ស៊ីកា អនុប្រធានបេសកកម្មការទូត ប្រធានផ្នែកកិច្ចការនយោបាយ និងព័ត៌មាន នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍មហោស្រពនេះ គឺជាការរឹតចំណងនូវសាមគ្គីភាពរវាងប្រទេស នៃទ្វីបទាំងពីរ ដែលជម្រុញឲ្យកិច្ចសហប្រតិបតិ្តការកាន់តែមានភាពប្រសើរឡើងរវាងប្រជាជននៃទ្វីបទាំងពីរ។ អ្វីដែលយើងសម្រេចបាននាពេលសព្វថ្ងៃនេះ គឺមានភាពគួរឲ្យកត់សម្គាល់។
នៅក្នុងឆ្នាំនេះ សហភាពអឺរ៉ុប បានធ្វើការរៀបចំនូវព្រឹតិ្តការណ៍មហោស្រពវប្បធម៌ អាស៊ី និងអឺរ៉ុប ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ ហើយយើងសង្កេតឃើញថាភាពសម្បូរបែបនៃវប្បធម៌ដ៏ចម្រុះរវាងប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ដែលរួមបញ្ចូលនូវភាពច្នៃប្រឌិតផ្សេងៗរវាងសិល្បករនៃទ្វីបទាំងពីរ។ ហើយសកម្មភាពនៅក្នុងមហោស្រពនេះ គឺមានដំណាក់រួម ក្នុងពេលជាមួយគ្នា នៅទីក្រុងព្រុចសែល ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ហើយក៏នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ផងដែរ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ដែលមានព្រឹតិ្តការណ៍តាមរយៈកម្មវិធីប្រព័ន្ធអនឡាញន៍។
ជាមួយគ្នានោះដែរ លោក ឯក ប៊ុនថា អគ្គនាយករងតំណាងអគ្គនាយកបច្ចេកទេសវប្បធម៌ ទទួលរួមលើកិច្ចការទស្សនីភាព ពិពរណ៍ និងភាពយន្ត បានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃមហោស្រព ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រឹតិ្តការណ៍សិល្បៈតំណាងឲ្យដៃគូអាស៊ី និងអឺរ៉ុប ជាង២០ រួមមាន ការសំដែងរបាំ និងល្ខោន ការប្រគុំតន្រី្ត សិល្បៈសូនរូប ការតាំងពិព័រណ៍ និងវេទិកា ពិភាក្សាជាមួយសិល្បករ និងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ WWW.ASEMculturalfestival. com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែងនៃមហោស្រពនេះរួមមាន ការតាំងពិព័រណ៍សិល្បៈចំនួន៦គម្រោង ដែលរៀបចំនៅសារមនី្ទរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន០៤ នៅរោងភាពយន្តMajor Cineplex នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ ដែលក្នុងនោះមាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ដែលបង្កើតបានជាដៃគូសរុបចំនួន៥៣៕
អត្ថបទ ៖ រដ្ឋា