កងទ័ពលីបង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកការវាយប្រហារសងសឹក ដើម្បីឆ្លើយតបនឹងការបាញ់កាំភ្លើងធំ ចេញពីប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កងទ័ពបានរាយការណ៍ពីការបាញ់ផ្លោងម្តងហើយម្តងទៀត មកលើតំបន់ព្រំដែនលីបង់ កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជាក់ថា អង្គភាពរបស់ខ្លួន នៅតែបន្តឆ្លើយតបជាបន្តបន្ទាប់។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា វិធានការសន្តិសុខពិសេស កំពុងត្រូវបានអនុវត្តនៅតាមព្រំដែន រួមទាំងការបង្កើតចំណុចត្រួតពិនិត្យ ការល្បាត និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នមួយចំនួន។
កងទ័ពបានសង្កត់ធ្ងន់ថា ខ្លួនកំពុងតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់ ហើយនឹងចាត់វិធានការសមស្រប តាមតម្រូវការ។
កាលពីថ្ងៃសៅរ៍ នាយកដ្ឋានណែនាំរបស់កងទ័ពលីបង់ បានប្រកាសថា អង្គភាពយោធា ត្រូវបានដាក់ពង្រាយ នៅតាមព្រំដែនភាគខាងជើង និងខាងកើត ដើម្បីឆ្លើយតបនឹងការវាយប្រហារចេញពីទឹកដីស៊ីរី។