នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំងនិយាយថា ពួកគេមិនអាចបញ្ជាក់ ឬច្រានចោលនោះឡើយថាតើលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump តាមទូរស័ព្ទឬយ៉ាងណានោះទេ ។
និយាយប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ លោក Trump បានចង្អុរបង្ហាញថា ពួកយើងទាំង ២បានទាក់ទងគ្នា ដែលធ្វើឲ្យមានការទទួលស្គាល់ផ្លូវការជាលើកដំបូងចំពោះការសន្ទនារវាងលោក Putin និងប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់តាំងពីដើមឆ្នាំ ២០២២ ។
ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា លោកមិនអាចនិយាយច្រើនជាងនេះពីប្រធានបទមួយនេះឡើយ ដោយលោកកត់សំគាល់ថា លោកពុំអាចបញ្ជាក់ ឬច្រានចោលថាតើលោក Putin និងលោក Trumpបានទាក់ទងគ្នា ឬយ៉ាងណានោះទេ ។
លោក Peskov បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានទូរស័ព្ទថា លោកបានធ្វើសេចក្តីថ្លែងការណ៍រួចហើយកាលពីថ្ងៃម្សិលមិញ ។ គ្មានអ្វីដែលលោកអាចនិយាយបានទៀតទេ ។ លោកមិនអាចបញ្ជាក់ ឬច្រានចោលវាបាននោះឡើយ ៕