ការកាត់ក្តី ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol បានឈានចូលដល់ដំណាក់កាលចុងក្រោយ ក្នុងសប្តាហ៍នេះ ដោយនៅសល់តែសវនាការផ្លូវការចំនួន ២ទៀតប៉ុណ្ណោះ ហើយមជ្ឈដ្ឋានអ្នកច្បាប់ រំពឹងថា សាលក្រមនឹងត្រូវចេញនៅពាក់កណ្តាលខែមីនា។
តុលាការធម្មនុញ្ញ នឹងបើកសវនាការលើកទី៧ និងទី៨ នៅថ្ងៃទី១១ ខែកុម្ភៈ និងថ្ងៃទី១៣ ខែកុម្ភៈ ដោយសាកសួរសាក្សីចំនួន ៨នាក់។ ទោះបីជាអាចនឹងមានការគ្រោងទុកនូវសវនាការបន្ថែមទៀត ក៏វាទំនងជាថា តុលាការនឹងបញ្ចប់នីតិវិធី នៅដំណាច់ខែកុម្ភៈ និងចេញសេចក្តីសម្រេចលើការចោទប្រកាន់ទម្លាក់តំណែង ចំពោះលោក Yoon នៅក្នុងខែមីនា។
នៅថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) នេះ អ្នកនាំពាក្យរបស់តុលាការ លោក Cheon Jae-hyun បានប្រាប់អ្នកសារព័ត៌មានថា៖ «មិនមានការគ្រោងទុកនូវសវនាការបន្ថែមនោះទេ គិតត្រឹមពេលនេះ»។
ប៉ុន្តែអ្នកខ្លះប៉ាន់ស្មានថា យ៉ាងហោចណាស់ដំណើរការជំនុំជម្រះក្ដីចំនួន ២ទៀត អាចត្រូវបានបន្ថែម ដោយកោះហៅនាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងមន្ត្រីទីបញ្ជាការប្រឆាំងចារកម្មការពារជាតិ លោក Lee Kyung-min ដែលមិនទាន់បានផ្តល់សក្ខីកម្មនៅឡើយ។
រហូតមកដល់ពេលនេះ តុលាការជាន់ខ្ពស់របស់ប្រទេស បានបើកសវនាការដំណាក់កាលបឋមចំនួន ២ដងហើយ និងសវនាការផ្លូវការចំនួន ៦ដង ចាប់តាំងពីរដ្ឋសភា បានចោទប្រកាន់ទម្លាក់តំណែងលោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ នាឆ្នាំនោះ។ លោក Yoon បានចូលរួមរាល់សវនាការ ចាប់តាំងពីដំណាក់កាលលើកទី៣ កាលថ្ងៃទី២១ ខែមករា៕