នៅថ្ងៃចន្ទនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីចិនលោក Zhang Guoqingក្នុងទីក្រុងប៉ារីស នៅក្រៅកិច្ចប្រជុំកំពូលសកលោកស្តីពីបញ្ញាសិប្បនិម្មិត(AI) ។
ក្រុមមេដឹកនាំពិភពលោក និងក្រុមប្រតិបត្តិបច្ចេកវិទ្យា កំពុងជួបជុំគ្នានៅទីក្រុងប៉ារីស ដើម្បីពិភាក្សាលើវិធីចាប់យកបញ្ញាសិប្បនិម្មិតដោយសុវត្ថិភាព ។
សំពាធបានកើតមានលើក្រុមអ្នកបង្កើតគោលនយោបាយសហភាពអឺរ៉ុប ដើម្បីបន្តវិធីសាស្រ្តមេត្រីភាពដល់ AI ដើម្បីជួយរក្សាក្រុមហ៊ុនអឺរ៉ុបឲ្យស្ថិតក្នុការប្រកួតប្រជែងបច្ចេកវិទ្យា ។
ការផ្តោតសំខាន់ខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលមួយនេះ គឺវិធីសាស្រ្តចែករំលែកអត្ថប្រយោជន៍ AI ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ តាមរយៈម៉ូដែលថោកជាងមុន បង្កើតឡើងដោយក្រុមហ៊ុនបារាំង Mistral និងក្រុមហ៊ុនចិន DeepSeek ។
ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋាននៅខេត្តហាងចូវ ប្រទេសចិន បានធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារសកលកាលពីខែមុន ដោយបង្ហាញថា ពួកគេអាចប្រកួតប្រជែងជាមួយបច្ចេកវិទ្យាអាមេរិកបាន ខណៈដែលពួកគេគិតទូទាត់មិនសូវច្រើន ៕