បាល់បោះ៖ ក្រុមបាល់បោះ Cleveland Cavaliers បានវាយបកយកឈ្នះក្រុម Boston Celtics យ៉ាងប្រផិតផើយលទ្ធផល ៩១-៨៩ នៃការប្រកួតបាល់បោះក្របខណ្ឌ NBA អាមេរិក។ កីឡាករ Darius Garland រកបាន ២២ពិន្ទុម្នាក់ឯងសំរាប់ Cleveland ដែលបូករួមទាំងការបោះបញ្ចូលទីបាល់ពិន័យ ២លើកនៅពេលនៅសល់ ៩វិនាទីចុងក្រោយ។

Boston បាននាំមុខ ៧៤-៥៦ ឯណោះនៅវគ្គទី៣ ដោយកីឡាករ Dennis Schroder រកបាន ២៨ពិន្ទុម្នាក់ឯង និង Jayson Tatum ២១ពិន្ទុម្នាក់ឯង។ តែក្រោយមកអតីតក្រុមជើងឯក NBA ១៧សម័យមួយនេះបែជាក្រឡាប់ចាក់ទៅវិញបណ្តោយឱ្យ Cleveland វាយបកពីក្រោយយកឈ្នះបានក្នុងលទ្ធផលចុងក្រោយ ៩១-៨៩។ នេះជាប្រកួតទី ១៤ ហើយសំរាប់ Cleveland ដែលរួមមានជ័យជំនះ ៩ប្រកួតបរាជ័យ ៥ ឈរលេខ ៤ ក្នុងតារាងនៅតំបន់ខាងកើត។ ចំណែក Boston Celtics ទើបលេងបាន ១៣ប្រកួតឈ្នះ ៦ ចាញ់ ៧ ឈរលេខ ១០ ក្នុងតារាងខាងកើត។ ទៅមើលលទ្ធផលផ្សេងទៀតមានដូចជា Miami Heat យកឈ្នះ Utah Jazz ១១១-១០៥ ខណៈ Washington Wizards យកឈ្នះ Orlando Magic ១០៤-៩២។ រីឯ LA Clipper បានយកឈ្នះ Minnesota Timberwolves ម្តងទៀតក្នុងរយៈពេល ១១ថ្ងៃស្របពេលដែល Paul George ជាតួឯកក្នុងលទ្ធផលពិន្ទុ ១២៩-១០២៕
អត្ថបទ៖នាង សុភាវុធ