ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលបានថ្កោលទោស «សកម្មភាពបង្កហេតុ» របស់ខ្លួន នៅតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង «វាយប្រហារ និងលាបពណ៌» ប្រទេសចិន។
គួរបញ្ជាក់ថា ប្រទេសចិនទាមទារស្ទើរតែទាំងអស់នៃតំបន់ ក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិ ក្នុងឆ្នាំ២០១៦ ដែលកំណត់ថា ការអះអាងនេះមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
បន្ទាប់ពីបានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានលើកឡើងកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកថា ពួកគេប្រឆាំងនឹង «ការទាមទារដែនសមុទ្រខុសច្បាប់ ការធ្វើទំនើបកម្មយោធាលើកោះសិប្បនិម្មិត ហើយនិងការគំរាមកំហែង និងសកម្មភាពបង្កហេតុ នៅក្នុងសមុទ្រចិនខាងត្បូង»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឆ្លើយតបវិញថា៖ «ខ្លឹមសារដែលទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងជប៉ុន គឺជាការជ្រៀតជ្រែកយ៉ាងច្បាស់ក្រឡែត នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ការវាយប្រហារ និងការលាបពណ៌ លើប្រទេសចិន ក៏ដូចជាបង្កឲ្យមានភាពតានតឹងខ្លាំងឡើងៗ នៅក្នុងតំបន់»។
លោកបានបន្ថែមនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនេះថា ប្រទេសចិនបាន «ដាក់កំណត់ការទូត ដើម្បីបង្ហាញការជំទាស់យ៉ាងខ្លាំងក្លា» លើប្រទេសទាំង២៕