ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) បានចោទសួរពីភាពស្មោះត្រង់របស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកការចរចាជាមួយទីក្រុងតេអេរ៉ង់ ខណៈហ្វូងមនុស្ស ដែលភាគច្រើនបាននាំគ្នាស្រែកថា «ស្លាប់ទៅអាមេរិក» បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីប្រារព្ធខួបនៃបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានយកមកអនុវត្តវិញនូវយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់លោក លើប្រទេសអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងជំរុញការនាំចេញប្រេងរបស់ប្រទេសនេះឲ្យធ្លាក់ដល់កម្រិតសូន្យផងដែរ ដើម្បីរាំរាំងទីក្រុងតេអេរ៉ង់កុំឲ្យផលិតបានអាវុធនុយក្លេអ៊ែរ។
តែទោះបីជាយ៉ាងណាក្ដី លោក Trump បាននិយាយថា លោកចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរដែលត្រូវបានផ្ទៀងផ្ទាត់ជាមួយទីក្រុងតេអេរ៉ង់ ហើយបានបង្ហាញពីឆន្ទៈ ក្នុងការពិភាក្សាជាមួយ Pezeshkian ដែលបាននិយាយកាលពីសប្តាហ៍មុនថា វានឹងមិនមែនជារឿងលំបាកឡើយ ក្នុងផ្ទៀងផ្ទាត់ថា អ៊ីរ៉ង់មិនកំពុងអភិវឌ្ឍអាវុធបរមាណូនោះ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នៅឯទីលាន Azadi (សេរីភាព) នៃទីក្រុងតេអេរ៉ង់ នាថ្ងៃចន្ទនេះ លោក Pezeshkian បាននិយាយដោយសម្ដីធ្ងន់ៗថា៖ «ប្រសិនបើសហរដ្ឋអាមេរិក មានភាពស្មោះត្រង់ ចំពោះការចរចា ហេតុអ្វីបានជាដាក់ទណ្ឌកម្មលើពួកយើង?»។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ «មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែនឹងមិនចុះញ៉មចំពោះការដាក់សម្ពាធពីបរទេសនោះឡើយ»។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយឲ្យឃើញពីមនុស្សរាប់សែននាក់ដែលចេញទៅប្រារព្ធខួបនៃបដិវត្តន៍ឆ្នាំ១៩៧៩ ជាការជួបជុំមួយ ដែលមេដឹកនាំសាសនាបានរៀបចំឡើង ដើម្បីជាឱកាសបង្ហាញពីការរួបរួម ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕