ប្រធានផ្នែកវិនិយោគរបស់ប្រទេស បានប្រាប់ឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើវិស័យធនាគាររបស់ប្រទេសស៊ីរី កំពុងរារាំងការវិនិយោគសំខាន់ៗ នៅក្នុងសេដ្ឋកិច្ចដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម បើទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគស៊ីរី និងបរទេស ចាប់តាំងពីរបបរបស់លោក Bashar al-Assad បានដួលរលំក៏ដោយ។
ក្នុងបទសម្ភាសន៍មួយ នៅឯការិយាល័យរបស់លោក លោក Ayman Hamawiye វ័យ ៣៦ឆ្នាំ ប្រធានទីភ្នាក់ងារវិនិយោគស៊ីរី បាននិយាយថា៖ «ទណ្ឌកម្មបានធ្វើឲ្យអ្វីគ្រប់យ៉ាងគាំង។ នាពេលនេះ វាប៉ះពាល់ជាចម្បងលើប្រជាជនស៊ីរី និងកំពុងបន្ថែមទុក្ខវេនាខ្លាំងឡើងលើពួកគេ»។
លោក Hamawiye ត្រូវបានតែងតាំងឲ្យកាន់តំណែងនេះ ដោយក្រុមឧទ្ទាម Hayat Tahrir al-Sham បន្ទាប់ពីការវាយលុករបស់ពួកគេ បានទម្លាក់អតីតប្រធានាធិបតីស៊ីរីលោក Assad ពីតំណែង កាលពីឆ្នាំមុន។
សហរដ្ឋអាមេរិក កាលពីខែមករា បានចេញការលើកលែងទណ្ឌកម្មលើស៊ីរីរយៈពេល ៦ខែ ដោយផ្តោតលើវិស័យថាមពល និងការផ្ទេរហិរញ្ញវត្ថុទៅឲ្យស្ថាប័នសំខាន់ៗរបស់ស៊ីរី ប៉ុន្តែបានបន្តរក្សាការដាក់ទណ្ឌកម្មលើធនាគារកណ្តាល ដោយធ្វើឲ្យស៊ីរីត្រូវបានកាត់ផ្ដាច់ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
ចំណែកសហភាពអឺរ៉ុប (EU) កាលពីចុងខែមករា ក៏បានយល់ព្រមលើផែនទីបង្ហាញផ្លូវមួយ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មដ៏ទូលំទូលាយរបស់ខ្លួនលើស៊ីរី ដែលអ្នកការទូត EU និយាយថា អាចរួមបញ្ចូលទាំងការដកវិធានការមួយចំនួនលើវិស័យធនាគារ ប៉ុន្តែព័ត៌មានលម្អិត នៅតែកំពុងដំណើរការ នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក៕