កំពង់ឆ្នាំង៖ កិច្ចប្រជុំអន្តរក្រសួងពេ្១ថ្ងៃនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ពាក់ព័ន្ធបញ្ហាដីតំបន់៣ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មិនទទួលបានលទ្ធផលដូចការគ្រោងទុកឡើយ ដោយហេតុថា មិនទាន់ស្របគ្នានៅឡើយចំពោះបញ្ហាដីតំបន់៣ ដែលប្រជាជនកំពុងអាស្រ័យផល។
កិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង, ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរខេត្តស្រុកឃុំ និងកងកម្លាំងប្រដាប់អាវុធទាំង៣។
ឯកឧត្តម សាយ សំអាល់ ជាប្រធានអង្គពិធី, សម្តេចមហាមន្ត្រី គុយ សុផល, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចង់អោយសមាជឹកសមាជិកានៃអង្គពិធីទាំងអស់យោគយល់គ្នាជាធ្លុងមួយ លើករឿងដីតំបន់៣ដែលកំពុងមានបញ្ហាមិនចេះចប់មកដាក់លើតុ ពិភាក្សាគ្នា រកដំណោះស្រាយ ដើម្បីអោយប្រជាជនរស់នៅតាមតំបន់ទាំងនោះទទួលបានផលប្រយោជន៍ និងបញ្ចប់រាល់បញ្ហាដែលកើតមាននាពេលកន្លងមក កុំអោយពិបាកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោះស្រាយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដោយឡែកចំពោះបឹងទន្លេសាបដែលត្រូវបានបែងចែកជាបីតំបន់គឺតំបន់៣ជាតំបន់ព្រៃលិចទឹក, តំបន់២ជាតំបន់អាស្រ័យផល និងតំបន់១ជាតំបន់លំនៅឋាន ដោយក្នុងនោះក្រុមការងារនិងអាជ្ញាធរ បានប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ដោយឡែកឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកមានប្រសាសន៍ថា៖ ការកំណត់ព្រំពីដីតំបន់២ និងដីតំបន់៣នេះ ធ្វើឡើងដើម្បីរក្សាដីព្រៃលិចទឹកតំបន់៣នៅជុំវិញបឹងទន្លេសាប និងបឹងទន្លេសាបអោយនៅគង់វង្សបានយូរអង្វែង។ ក្រុមការងារអន្តរក្រសួងបានចុះបោះបង្គោលតាមនិយាមការក្នុងប្លង់កម្មសិទ្ធិរបស់រដ្ឋ និងតាមច្បាប់កំណត់ ដែលបង្គោលព្រំខ្លះនៅក្នុងវាលស្រែប្រជាជន និងបង្គោលខ្លះនៅក្នុងព្រៃលិចទឹក ហើយពេលចុះបោះបង្គោលនោះ ក៏មានការប្រកែកតវ៉ាខ្លះពីអាជ្ញាធរស្រុកឃុំ និងប្រជាជនដែរ ។ នៅពេលបោះបង្គោលព្រំតំបន់៣រួចហើយ ក៏នៅតែមានការឈូសឆាយទន្ទ្រានចូលកាន់កាប់យកដី ដោយគេឈូសរួចភ្លាម គេបាចគ្រាប់ស្រូវលើកន្លែងនោះភ្លាមតែម្តង។ ម្យ៉ាងទៀត ប្រសិនបើយើងសម្របសម្រួលអោយអ្នកទន្ទ្រានក្នុងខេត្តកំពង់ឆ្នាំងចូលកាន់កាប់ ថាតើអ្នកទន្ទ្រានដីនៅតាមខេត្តជុំវិញបឹងទន្លេសាប គេនឹងយកដូចគ្នា។
កិច្ចប្រជុំអន្តរក្រសួងក្នុងថ្ងៃនេះ មិនទទួលបានផ្លែផ្កាអ្វីឡើយ ដោយក្រសួងទាំងអស់នឹងលើកបញ្ហានេះជូនថ្នាក់លើជាអ្នករកដំណោះស្រាយ ។ ដោយឡែកដីព្រៃលិចទឹកតំបន់៣ក្នុងខេត្តកំពង់ឆ្នាំង បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធជាដីរដ្ឋ ដែលកាន់កាប់គ្រប់គ្រងដោយក្រសួងធនធានទឹក មានប្រមាណជាង៧ម៉ឺនហិកតា។ ក្រោយពីចុះបញ្ជីជាដីរដ្ឋរួចរាល់ ដីព្រៃលិចទឹកតំបន់៣ នៅតែមានជនឆ្លៀតឱកាសលបលួចឈូសឆាយទន្ទ្រានយកដដែល មិនខ្លាចញញើតនឹងច្បាប់ ។ ថ្មីៗនេះ នៅក្នុងខេត្តកំពង់ធំក៏មានមនុស្សមួយចំនួន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនដាក់ពន្ធនាគារ ពីការទន្ទ្រានកាន់កាប់ និងឃុបឃិតក្នុងការបំផ្លាញព្រៃលិចទឹកក្នុងតំបន់៣នេះផងដែរ ៕ កាំង ហុងវាស្នា


















