ក្រុមហាម៉ាសបានគំរាមពន្យារពេលការដោះលែងចំណាប់ខ្មាំងបន្ទាប់ដែលគ្រោងនឹងធ្វើឡើងក្នុងដែនដីហ្កាហ្សានៅថ្ងៃសៅរ៍សប្ដាហ៍នេះ រហូតមានការជូនដំណឹងបន្ថែម ដោយចោទប្រកាន់អ៊ីស្រាអែលថាបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់។

អ៊ីស្រាអែល បានហៅការពន្យារពេលដែលត្រូវបានគំរាមកំហែងថាជា ការរំលោភទាំងស្រុងនៃបទឈប់បាញ់ ហើយបានអំពាវនាវឱ្យយោធាអ៊ីស្រាអែលរៀបចំសម្រាប់សេណារីយ៉ូ ឬចំហាក ដែលអាចកើតមាននៅក្នុងតំបន់ហ្កាហ្សា។

ទន្ទឹមនឹងនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញឱ្យអ៊ីស្រាអែលលុបចោលបទឈប់បាញ់ និងកម្ទេចចោលឲ្យក្លាយជាផេះផង់ ប្រសិនបើក្រុមហាម៉ាស អនុវត្តការគំរាមកំហែងរបស់ខ្លួន។
នៅក្នុងការប្រកាសកាលពីថ្ងៃចន្ទលើបណ្ដាញសង្គម X លោក Abu Obeida អ្នកនាំពាក្យកងពលតូច Qassam របស់កងកម្លាំងប្រដាប់អាវុធក្រុមហាម៉ាស បាននិយាយថា ការប្រគល់ចំណាប់ខ្មាំងដែលគ្រោងនឹងដោះលែងនៅថ្ងៃសៅរ៍ នឹងត្រូវពន្យាពេលរហូតមានការជូនដំណឹងបន្ថែម។
លោកបានបន្ថែមថា យើងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់យើងចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដរាបណាអ៊ីស្រាអែលគោរពតាមការសន្យារបស់ខ្លួន៕