ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ (១០ កុម្ភៈ) ថា ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ថ្នូរទាំងអស់ ដែលក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សាមួយនេះបានចាប់ខ្លួន នៅត្រឹមពាក់កណ្តាលថ្ងៃសៅរិ៍នេះ បើមិនដូច្នេះទេលោកនឹងស្នើឱ្យលុបចោលបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ហើយ "កម្ទេចក្រុមនេះឱ្យខ្ទេចខ្ទី"។

លោក Trump បានលើកឡើងយ៉ាងប្រយ័ត្នប្រយែងទៀតថា អ៊ីស្រាអែលអាចនឹងចង់បដិសេធលោកលើបញ្ហានេះ ប៉ុន្តែលោកក៏អាចនឹងពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu អំពីរឿងទាំងនេះដែរ។

នៅក្នុងសម័យប្រជុំទូលំទូលាយជាមួយអ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី លោក Trump បានសម្តែងការខកចិត្តម្ដងទៀតចំពោះស្ថានភាពចំណាប់ថ្នូរក្រុមចុងក្រោយដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស និងទៅលើការប្រកាសដោយក្រុមសកម្មប្រយុទ្ធនេះថា ខ្លួននឹងបញ្ឈប់ការដោះលែងបន្ថែមទៀត។

លោក Trump បាននិយាយថា "ប្រសិនបើចំណាប់ថ្នូរទាំងអស់មិនត្រូវបានត្រឡប់មកវិញត្រឹមថ្ងៃសៅរ៍ ម៉ោង ១២ថ្ងៃត្រង់ទេនោះ យើងនឹងប្រាប់ឱ្យលុបចោលកិច្ចព្រមព្រៀង ហើយការភ្នាល់ទាំងអស់ត្រូវបានបិទ រួចនឹងអនុញ្ញាតឱ្យកម្ទេចពួកគេឱ្យខ្ទេចខ្ទីក្លាយជាផេះផង់"។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា លោកចង់ឱ្យចំណាប់ថ្នូរត្រូវបានដោះលែងជាទ្រង់ទ្រាយធំ ជំនួសឱ្យការដោះលែងតែពីរបីនាក់ម្ដងបែបនេះ៕