រដ្ឋបាលរបស់លោក Donald Trump បានសម្រេចចិត្តផ្អាកផែនការសន្តិភាពរបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែនដើម្បីផ្តល់ឱកាសដល់សហភាពអឺរ៉ុបចូលតុចរចា។
យ៉ាងណាលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ទី១០ កុម្ភៈសប្ដាហ៍នេះថា បេសកជនពិសេសរបស់លោកទទួលបន្ទុកបញ្ហាអ៊ុយក្រែន និងរុស្ស៊ី គឺលោក Keith Kellogg នឹងទៅប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

លោកTrump ក៏បាននិយាយផងដែរថាលោកនឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅសប្តាហ៍នេះ។
ទន្ទឹមនឹងនេះដែរ បេសកជនសម្រាប់អ៊ុយក្រែនរូបនេះ បានសន្យាថានឹងរៀបចំការចរចាជាលក្ខណៈបុគ្គលជាមួយសម្ព័ន្ធមិត្តណាតូ មុនពេលបញ្ចប់គម្រោងផែនការដែលបានរង់ចាំជាយូរមកហើយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

លោកឧត្តមសេនីយ Keith Kellogg បាននិយាយថា លោកនឹងស្វែងរកទស្សនៈស្តីពីរូបរាងនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ និងអ្វីដែលរដ្ឋាភិបាលអាចចូលរួមចំណែកក្នុងដំណើរការកិច្ចពិភាក្សានាពេលថ្មីៗនេះជាមួយក្រុមមន្ត្រីការទូតអឺរ៉ុប។

លោកបានសន្យាថានឹងរៀបចំការចរចាទាំងនោះជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីមកពីសម្ព័ន្ធភាពណាតូ ជាវិធានការមួយដែលនឹងធានាដល់ប្រទេសដែលបារម្ភថាត្រូវបានហាមប្រាមពីការចរចារៀបចំដោយទីក្រុងវ៉ាស៊ីនតោន។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ Kellogg បាននិយាយថា លោកនឹងបង្ហាញចំណុចនៃផែនការសន្តិភាពនៅឯសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់នៅចុងសប្តាហ៍នេះ៕