រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក បាឌ័រ អាប់ឌេឡាទី (Badr Abdelatty)បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា បណ្ដារដ្ឋអារ៉ាប់គាំទ្រប៉ាឡេស្ទីនទាត់ចោលផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងកាន់កាប់តំបន់នោះ។

ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា លោក អាប់ឌេឡាទី នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនការកសាងតំបន់ហ្កាហ្សាឡើងវិញ ហើយពលរដ្ឋប៉ាឡេស្ទីននៅតែនៅទីនោះ។

អេហ្ស៊ីបបានប្រកាសពីកិច្ចប្រជុំកំពូលអារ៉ាប់បន្ទាន់មួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកុម្ភៈ ក្នុងទឹកដីអេហ្ស៊ីប ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា។

លោក អាប់ឌេឡាទី ដែលបានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពដ៏ទូលំទូលាយ និងយុត្តិធម៌ក្នុងតំបន់នេះ ។
រាល់ការលើកឡើងថាជនជាតិប៉ាឡេស្ទីនត្រូវតែចាកចេញពីតំបន់ហ្កាហ្សា ដែលពួកគេចង់បានជាផ្នែកមួយនៃរដ្ឋឯករាជ្យ គឺជាអ្វីដែលថ្នាក់ដឹកនាំប៉ាឡេស្ទីនជាច្រើនជំនាន់មិនចង់បានទាល់តែសោះ ហើយបណ្ដារដ្ឋអារ៉ាប់ជិតខាង បានច្រានចោល ចាប់តាំងពីសង្រ្គាមហ្កាហ្សាបានផ្ទុះឡើងកាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣ ៕