តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុត ប្រាក់ដុល្លារមានភាពរឹងមាំ ហើយភាគហ៊ុនហុងកុងបានឡើងដល់តួលេខដ៏ខ្ពស់រយៈពេល ៤ខែ ក្នុងថ្ងៃអង្គារ (១១ កុម្ភៈ) នេះ ខណៈអ្នកវិនិយោគថ្លឹងថ្លែងលើការផ្លាស់ប្តូរទិសដៅគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធថ្មីលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ២៥% ពីប្រទេសទាំងអស់ ហើយទីផ្សារកំពុងរង់ចាំស្តាប់ស្ថានការណ៍ពីប្រធានធនាគារកណ្តាល លោក Jerome Powell ស្តីពីពន្ធគយ និងអតិផរណា។

តម្លៃប្រេងបានឡើងថ្លៃខ្លាំងពេញមួយយប់ ហើយតម្លៃភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានកើនឡើងច្រើនជាង ១២% ក្នុងពេលមួយខែ ខណៈរដ្ឋបាលលោក Donald Trump បានគំរាមកំហែង បន្ទាប់មកបានផ្អាកពន្ធវិញលើទំនិញកាណាដា និងម៉ិកស៊ិក ដែលហាក់ដូចជាបញ្ជាក់ពីការសន្មតរបស់វិនិយោគិន ដែលថាអ្វីគ្រប់យ៉ាងគឺអាចចរចារបាន។

មាសឡើងដល់កម្រិតខ្ពស់បំផុតនៅតម្លៃ ២.៩៣៥ដុល្លារក្នុងមួយអោន។ ប្រាក់ដុល្លារមានស្ថិរភាពនៅតម្លៃ ១៥២,០១យ៉េនជប៉ុន ហើយស្ថិតនៅតម្លៃ ១,០៣ ដុល្លារក្នុងមួយអឺរ៉ូ។ នៅក្នុងការជួញដូររូបិយប័ណ្ណ ប្រាក់យ័នចិនបានធ្លាក់ចុះហួសពីកម្រិត ៧,៣យ័នក្នុងមួយដុល្លារ ហើយត្រូវបានជួញដូរនៅតម្លៃ ៧.០៣៧១យ័ន នៅព្រឹកថ្ងៃអង្គារនេះ។

ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ដោយពន្ធបន្ថែម ១០% របស់អាមេរិក លើការនាំចូលរបស់ចិន បានចូលជាធរមាននៅដើមខែនេះ ហើយពន្ធសងសឹករបស់ចិន លើថាមពលអាមេរិក និងទំនិញមួយចំនួន ក៏បានចូលជាធរមានកាលពីថ្ងៃចន្ទសប្ដាហ៍នេះដែរ។ មានសញ្ញាតិចតួចណាស់នៃរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការរំពឹងទុកសម្រាប់វឌ្ឍនភាពនៅតែមានកម្រិតខ្ពស់៕