ក្រុមបាតុករជាច្រើនបានបិទផ្លូវហាយវេ Ayalon ដែលជាផ្លូវចូលទៅក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ (១០ កុម្ភៈ) ខណៈពួកគេតវ៉ាគាំទ្រចំណាប់ថ្នូរដែលជាប់ឃុំខ្លួននៅដែនដីហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និយាយថាខ្លួននឹងបញ្ឈប់ការដោះលែងចំណាប់ថ្នូរបន្ថែមទៀត។

បន្ទាប់ពីការប្រកាសដែលនឹកស្មានមិនដល់របស់ក្រុមហាម៉ាស ក្រុមគ្រួសារចំណាប់ថ្នូរ និងអ្នកគាំទ្ររបស់ពួកគេ បានធ្វើដំណើរតវ៉ាទៅកាន់ដងផ្លូវក្នុងទីក្រុង Tel Aviv ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលអ៊ីស្រាអែល កុំឱ្យបោះបង់ចោលកិច្ចព្រមព្រៀងបទឈប់បាញ់។
ប្រជាជនបានប្រមូលផ្តុំគ្នា ហើយស្រែកពាក្យតវ៉ា និងកាន់ស្លាកសញ្ញាជាមួយរូបថតចំណាប់ថ្នូរដែលនៅសេសសល់នៅហ្កាហ្សា។ សាច់ញាតិចំណាប់ថ្នូរក្នុងការតវ៉ានោះ បានដុតគ្រាប់បែកផ្សែង មុនពេលហ្វូងមនុស្សចាប់ផ្ដើមដើរដង្ហែតាមដងផ្លូវ។

ក្រុមហាម៉ាស កាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួននឹងបញ្ឈប់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល រហូតដល់មានការជូនដំណឹងបន្ថែម ជុំវិញអ្វីដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះហៅថាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា ដែលបង្កើនហានិភ័យនៃការបន្តជាថ្មីក្នុងជម្លោះដ៏បង្ហូរឈាមនោះ៕