អ៊ីស្រាអែល បានបញ្ជាឱ្យយោធារៀបចំត្រៀមលក្ខណៈសម្រាប់ "សេណារីយ៉ូណាមួយដែលអាចកើតមាននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប" បន្ទាប់ពីក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃចន្ទ (១០ កុម្ភៈ) ថា ការប្រគល់ចំណាប់ថ្នូរដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានរិះគន់ការប្រកាសរបស់ក្រុមហាម៉ាសនេះថាជា "ការរំលោភទាំងស្រុងលើបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ"។

លោក Katz បន្ថែមថា លោកបានបញ្ជាឱ្យកងកម្លាំងការពារអ៊ីស្រាអែល "ត្រៀមខ្លួនក្នុងកម្រិតខ្ពស់បំផុតសម្រាប់សេណារីយ៉ូណាមួយដែលអាចកើតមាននៅហ្កាហ្សា និងប្រយុទ្ធការពារសហគមន៍នៅជិតតំបន់ហ៊ុមព័ទ្ធនោះ"។

គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល បានរាយការណ៍ដោយសម្អាងដល់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងកោះប្រជុំវាយតម្លៃស្ថានភាពនេះជាមួយរដ្ឋមន្ត្រី និងមន្ត្រីសន្តិសុខ។
ស្ថានការណ៍ទាំងនេះបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគណៈប្រតិភូអ៊ីស្រាអែល បានវិលត្រឡប់ពីប្រទេសកាតាវិញ ជាទីដែលកិច្ចពិភាក្សាដោយប្រយោលត្រូវបានធ្វើឡើងទាក់ទងនឹងដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕