មន្រ្តីសំខាន់របស់រុស្ស៊ី សម្រាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១០ កុម្ភៈ) ថា លក្ខខណ្ឌទាំងអស់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវតែបំពេញឱ្យបានពេញលេញ មុនពេលសង្រ្គាមនៅអ៊ុយក្រែន អាចបញ្ចប់ ដោយបង្ហាញថា ទីក្រុងមូស្គូកំពុងប្រកាន់ជំហរតឹងរឹងខ្លាំងជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខណៈពេលដែលទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន លទ្ធផលនោះអាចសម្រេចបានលុះត្រាតែ "ហេតុផលជាមូលដ្ឋាន" នៅពីក្រោយជម្លោះជិត ៣ឆ្នាំនោះត្រូវបានដោះស្រាយ។

លោក Trump ដែលបញ្ជាក់ម្តងហើយម្តងទៀតថាលោកចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឱ្យឆាប់រហ័ស បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកគិតថាអាមេរិកកំពុងបង្កើតវឌ្ឍនភាពលើរឿងនេះ ទោះជាលោកមិនបកស្រាយថានឹងបញ្ចប់ជម្លោះដោយរបៀបណាក៏ដោយ។

ទីក្រុងមូស្គូបានគូសបញ្ជាក់យ៉ាងរហ័សថា ការទាមទារអតិបរិមារបស់ខ្លួន - ដូចដែលបានកំណត់ដោយលោក Putin កាលពីខែមិថុនា ឆ្នាំមុន- នៅតែជាចំណុចបើកចំហនៅដើមដំបូងនៃការចរចា។
គួររម្លឹកថា នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី១៤ ខែមិថុនា របស់លោក Putin ទៅកាន់ក្រសួងការបរទេស លោកបានកំណត់លក្ខខណ្ឌថា អ៊ុយក្រែនត្រូវតែទម្លាក់ចោលមហិច្ឆតាចូលរួមអង្គការណាតូ ហើយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីទាំងមូលនៃតំបន់ចំនួន៤ ដែលភាគច្រើនគ្រប់គ្រងដោយរុស្ស៊ី ជាថ្នូរនៃកិច្ចចរចាសន្តិភាព ដោយនោះជាអ្វីដែលអ៊ុយក្រែន មិនយល់ស្រប៕