អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា រថយន្តក្រុងមួយគ្រឿងបានធ្លាក់ពីលើស្ពានផ្លូវហាយវេ ចូលទៅក្នុងជ្រោះពោរពេញដោយទឹកកខ្វក់ក្នុងរដ្ឋធានីប្រទេសហ្គាតេម៉ាឡា កាលពីព្រឹកថ្ងៃចន្ទ (១០ កុម្ភៈ) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៥នាក់ និងធ្វើឱ្យអ្នករួចជីវិតត្រូវជាប់គាំងក្នុងគំនរបែកបាក់។

ក្រុមអ្នកស៊ើបអង្កេតមកពីក្រសួងសាធារណៈបាននិយាយថា សាកសព ៥៣ នាក់ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ ហើយអ្នកដំណើរ ២នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។

រថយន្តក្រុងដែលផ្ទុកមនុស្សច្រើនលើសកម្រិតនោះ កំពុងដឹកមនុស្សប្រមាណ ៧០នាក់ធ្វើដំណើរចូលទៅក្នុងរដ្ឋធានីពីទីប្រជុំជន សាន អាហ្គោសស្ទីន អាកាសាហ្គាស្លាន់ (San Agustin Acasaguastlan) នៅលើផ្លូវដ៏មមាញឹកមួយចូលទៅក្នុងទីក្រុង ខណៈពេលដែលបានធ្លាក់ចុះប្រហែល ២០ម៉ែត្រពីស្ពានផ្លូវហាយវេ Puente Belice ដែលឆ្លងកាត់ផ្លូវ និងព្រែក ចូលទៅក្នុងជ្រលងជ្រោះក្រោមស្ពាន។
រូបភាពដែលបានចែករំលែកដោយនាយកដ្ឋានពន្លត់អគ្គិភ័យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញរថយន្តក្រុងលិចមួយផ្នែកនៅក្នុងទឹកសំណល់ ដែលព័ទ្ធជុំវិញដោយសាកសពជនរងគ្រោះ។ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Bernardo Arevalo បានប្រកាសកាន់ទុក្ខជាតិ ៣ថ្ងៃ ហើយដាក់ពង្រាយកងទ័ព និងទីភ្នាក់ងារគ្រោះមហន្តរាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតប៕