ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) កាលពីថ្ងៃចន្ទ (១០កុម្ភៈ) បានចោទសួរពីភាពស្មោះត្រង់របស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកការចរចាជាមួយទីក្រុងតេអេរ៉ង់ ខណៈមនុស្សជាច្រើនបានស្រែកថា «ស្លាប់ទៅអាមេរិក» ដែលបានមកប្រមូលផ្តុំគ្នានៅទូទាំងប្រទេសដើម្បីប្រារព្ធខួបបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានស្តារយុទ្ធនាការ «ដាក់សម្ពាធ» របស់លោក លើប្រទេសអ៊ីរ៉ង់ ដែលរួមមានកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងការនាំចេញប្រេងរបស់ខ្លួនឱ្យធ្លាក់ចុះដល់ចំណុចសូន្យ ក្នុងបំណងទប់ស្កាត់ទីក្រុងតេអេរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។

ទោះជាយ៉ាងណា លោក Trump បាននិយាយថា លោកចង់ឱ្យមានកិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរដែលត្រូវបានពិនិត្យឡើងវិញជាមួយទីក្រុងតេអេរ៉ង់ ហើយបានបង្ហាញពីឆន្ទៈក្នុងការពិភាក្សាជាមួយ លោក Pezeshkian ដែលបាននិយាយកាលពីសប្តាហ៍មុនថា វានឹងងាយស្រួលក្នុងការពិនិត្យឡើងវិញថា អ៊ីរ៉ង់ មិនកំពុងអភិវឌ្ឍអាវុធបរមាណូនោះទេ។
លោក Pezeshkian នៅក្នុងសុន្ទរកថា តាមទូរទស្សន៍នៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ បាននិយាយថា «ប្រសិនបើសហរដ្ឋអាមេរិកមានភាពស្មោះត្រង់ចំពោះការចរចា ហេតុអ្វីបានជាពួកគេដាក់ទណ្ឌកម្មលើពួកយើង?។ ទីក្រុងតេអេរ៉ង់ «មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែនឹងមិនទទួលរងសម្ពាធពីបរទេសឡើយ»។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបង្ហាញពីមនុស្សរាប់សែននាក់ ចេញទៅប្រារព្ធខួបបដិវត្តន៍ឆ្នាំ១៩៧៩ នៅក្នុងការជួបជុំមួយដែលត្រូវបានចាត់ទុកថាជាឱកាសដើម្បីបង្ហាញពីការរួបរួមក្នុងពេលមានសម្ពាធកាន់តែខ្លាំង ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
«ស្លាប់ទៅអាមេរិក» និង «ស្លាប់ទៅអ៊ីស្រាអែល» ជាពាក្យដែលក្រុមបាតុករបានស្រែកនៅក្នុងទីក្រុងនិងទីប្រជុំជននានានៅទូទាំងប្រទេសអ៊ីរ៉ង់ ។