គ្រួសារប៉ាឡេស្ទីនជាច្រើនគ្រួសារ អាចត្រូវបានគេមើលឃើញកំពុងដឹកសត្វចិញ្ចឹម និងអីវ៉ាន់របស់ពួកគេ ខណៈកំពុងចាកចេញពីជំរំជនភៀសខ្លួន Nur Shams ក្នុងពេលដែលអ៊ីស្រាអែល បន្តប្រតិបត្តិការយោធានៅក្នុងតំបន់នេះ។

កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងពង្រីកប្រតិបត្តិការប្រឆាំងភេរវកម្ម នៅភាគខាងជើងតំបន់ West Bank ទៅកាន់ជំរំ Nur Shams ជាជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រនៅជិតទីក្រុង Tulkarm របស់ប៉ាឡេស្ទីន។

យោធា នគរបាល និងអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មនៅទីក្រុង Jenin កាលពីថ្ងៃទី២១ ខែមករា ដោយក្រុមមន្ត្រីបាននិយាយថាជា «ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ និងសំខាន់»។ ប្រតិបត្តិការនេះ បានពង្រីកដល់ទីក្រុង Tulkarm, Al Faraa និងក្រុង Tamun ដោយយោធាបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ។
អ៊ីស្រាអែល ដោយចាត់ទុកតំបន់ West Bank ជាផ្នែកនៃសង្រ្គាមពហុសមរភូមិប្រឆាំងក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានបង្កើតឡើងនៅជុំវិញព្រំដែនរបស់ខ្លួន បានបើកប្រតិបត្តិការបន្ទាប់ពីឈានដល់បទឈប់បាញ់នៅក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សាប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនចេញពីលំនៅឋាននៅតំបន់ West Bank បន្ទាប់ពីយុទ្ធនាការយោធា និងការបំផ្លិចបំផ្លាញរាលដាល។