ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារទី១១ ខែកុម្ភៈនេះថា សហរដ្ឋអាមេរិក កំពុងបង្កការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀត ដោយការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់កំពង់ផែប្រទេសកូរ៉េខាងត្បូង ហើយកងកម្លាំងយោធារបស់ខ្លួន បានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងម្នាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើអរិភាពផ្នែកយោធាដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធានៅក្នុងតំបន់ជុំវិញឧបទ្វីបកូរ៉េ ឲ្យទៅជាជម្លោះកម្លាំងប្រដាប់អាវុធពិតប្រាកដ»។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា នាវាមុជទឹក USS Alexandria បានចូលទៅដល់កំពង់ផែ Busan កាលពីថ្ងៃចន្ទ ដើម្បីផ្គត់ផ្គង់ និងការសម្រាកសម្រាប់នាវិក ហើយវានឹងជាឱកាសសម្រាប់កងទ័ពជើងទឹករបស់ប្រទេសទាំងពីរក្នុងការធ្វើឲ្យប្រសើរការផ្លាស់ប្តូរ និងឥរិយាបថការពាររួមគ្នា។
ប្រទេសកូរ៉េខាងជើង តែងតែរិះគន់វត្តមានទ្រព្យសម្បត្តិយោធាអាមេរិក និងសមយុទ្ធរួមគ្នាធ្វើឡើងដោយកងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។