ប្រធានាធិបតី ដែលត្រូវបានផ្អាកពីតំណែង លោក Yoon Suk Yeol នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ បានចូលរួមក្នុងសវនាការ ក្នុងការជម្រះក្តីបទចោទប្រកាន់ទម្លាក់តំណែងរបស់លោក នៅតុលាការធម្មនុញ្ញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសុវត្ថិភាព លោក Lee Sang-min និងសាក្សីបីនាក់ផ្សេងទៀត រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក Shin Won-sik ត្រូវបានកោះហៅទៅកាន់តុលាការ ជាសាក្សីផងដែរ។

តុលាការធម្មនុញ្ញ បានចាប់ផ្តើមសវនាការរបស់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូ ដើម្បីពិនិត្យមើលបទចោទប្រកាន់ដែលថាលោក Yoon បានបំពានលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់លោកដោយការដាក់ច្បាប់អាជ្ញាសឹកដោយពុំបានបង្ហាញភស្តុតាងត្រឹមត្រូវ។ លោក Yoon ត្រូវបានចាប់ខ្លួនកាលពីខែមុន ហើយកំពុងត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំង។
លោក Yoon និងមេធាវីរបស់លោក បានអះអាងនៅក្នុងការជម្រះក្តីបទចោទប្រកាន់ទម្លាក់តំណែងរបស់លោកថា លោកគ្មានបំណងដាក់ច្បាប់អាជ្ញាសឹកពេញលេញទេ ប៉ុន្តែគ្រាន់តែមានន័យថាវិធានការនេះ ជាការព្រមានដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ។
តុលាការមានពេលរហូតដល់១៨០ថ្ងៃដើម្បីសម្រេចថាតើត្រូវដក លោក Yoon ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់ឲ្យលោកចូលកាន់តំណែងវិញ។