អ្នកសេដ្ឋកិច្ចភាគច្រើនបានលើកឡើងនៅក្នុងការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រថា ដោយប្រឈមមុខនឹងការគំរាមកំហែងនៃកំណើនអតិផរណាដោយសារតែការដំឡើងពន្ធថ្មីរបស់លោកប្រធានាធិបតី Donald Trump ធនាគារកណ្តាលអាមេរិក នឹងមានការប្រុងប្រយ័ត្នខ្ពស់ ដោយរង់ចាំរហូតដល់ត្រីមាសបន្ទាប់ មុនពេលកាត់បន្ថយអត្រាការប្រាក់ម្តងទៀត ដែលពីមុនត្រូវបានរំពឹងថានឹងកាត់បន្ថយការប្រាក់នៅខែមីនាខាងមុខនេះ។

សេដ្ឋវិទូបានបង្កើនការព្យាករអតិផរណារបស់ពួកគេ ចាប់តាំងពីការជាប់ឆ្នោតរបស់មេដឹកនាំអាមេរិក លោក Trump ដោយផ្អែកលើក្ដីបារម្ភពីគោលនយោបាយរបស់លោក ជាពិសេសទៅលើការបង្កើនពន្ធដារ ដែលអាចបញ្ឆេះសម្ពាធតម្លៃនៅក្នុងសេដ្ឋកិច្ចឡើងវិញ។

បន្ទាប់ពីកាត់បន្ថយអត្រាការប្រាក់យ៉ាងច្រើនដល់ ១% នៅចន្លោះខែកញ្ញា និងខែធ្នូ ក្រុមមន្ត្រីរបស់ធនាគារកណ្ដាល រួមទាំងលោកទេសាភិបាល Jerome Powell ថ្មីៗនេះបាននិយាយថាពួកគេ "មិនប្រញាប់ទេ" ក្នុងការបន្ថយអត្រាការប្រាក់បន្ថែមទៀត។

អ្នកសេដ្ឋកិច្ចភាគច្រើនជិត ៦០% នៅក្នុងការស្ទង់មតិកាលពីខែមករា ធ្លាប់បានរំពឹងថាធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនាខាងមុខ ប៉ុន្តែនៅក្នុងការស្ទង់មតិថ្ងៃទី០៤-១០ ខែកុម្ភៈ ថ្មីនេះ សេដ្ឋវិទូទាំងនោះបានខ្វែងគំនិតគ្នា អំពីពេលវេលាបន្ទាប់ដែលធនាគារកណ្ដាលនឹងកាត់បន្ថយការប្រាក់ ប៉ុន្តែភាគច្រើននៃពួកគេជឿថា រឿងនោះនឹងមិនកើតឡើងឆាប់ៗទេ៕