កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិចំនួន ០៣ ក្នុងសង្កាត់ផ្សារឆ្នាំង គឺភូមិកោះក្របី ភូមិផ្សារឆ្នាំង និងភូមិផ្សារលើ បានសំដែងនូវទឹកចិត្តសាទរ រីករាយក្រៃលែង ក្រោយពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រគល់ជូននូវផ្លូវបេតុងខ្វាត់ខ្វែងក្នុងភូមិរបស់ពួកគាត់ជាង២គីឡូម៉ែត្រ និងមិនធ្លាប់មានពីមុនមក។ ផ្លូវបេតុងដែលជាចំណងដៃរបស់អភិបាលខេត្តកំពង់ឆ្នាំងជូនពលរដ្ឋសង្កាត់ផ្សារឆ្នាំងនាពេលនេះ គឺជាជំហានដំបូងនៃការអភិវឌ្ឍន៍ក្រោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឡើងជាអភិបាលខេត្តបានជាង៣ខែរួចមក។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ មានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត តំណាងអោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងបានផ្តល់អំណោយរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋក្រីក្រចំនួន៩៩គ្រួសារផងដែរ៕អត្ថបទ ៖ វាសនា






