ប្រភពចំនួនពីរដែលដឹងពីបញ្ហានេះបាននិយាយថា រដ្ឋបាលអាមេរិករបស់លោក Donald Trump គ្រោងនឹងជំរុញសម្ព័ន្ធមិត្តអឺរ៉ុប ឱ្យទិញសព្វាវុធរបស់ទីក្រុងវ៉ាស៊ីនតោនបន្ថែមទៀតសម្រាប់អ៊ុយក្រែន មុនពេលកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ ដោយនេះគឺជាវិធានការមួយដែលអាចធ្វើឱ្យប្រសើរឡើងនូវជំហរចរចារបស់ទីក្រុងគីវ។

ផែនការនេះ - ប្រសិនបើត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការពិតមែន - នឹងផ្តល់ការធានាឡើងវិញមួយចំនួនដល់ថ្នាក់ដឹកនាំអ៊ុយក្រែន ដែលបារម្ភថាលោកប្រធានាធិបតី Trump អាចនឹងរារាំងជំនួយបន្ថែមទៀតដល់ទីក្រុងគីវ ខណៈយោធារបស់ពួកគេបាននិងកំពុងបាត់បង់ទឹកដីបន្តិចម្តងៗ ក្រោមការវាយរុលដ៏ខ្លាំងក្លារបស់រុស្ស៊ី នៅភាគខាងកើត។

ប្រភពនិយាយថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងបេសកជនអ៊ុយក្រែនរបស់លោក Trump គឺឧត្តមសេនីយឯកចូលនិវត្តន៍ លោក Keith Kellogg នឹងពិភាក្សាអំពីលទ្ធភាពនៃការទិញអាវុធជាមួយសម្ព័ន្ធមិត្តអឺរ៉ុប នៅសប្តាហ៍នេះ ក្នុងអំឡុងពេលសន្និសីទសន្តិសុខទីក្រុង Munich។ ប្រភពបន្ថែមថា នោះគឺជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនដែលរដ្ឋបាលអាមេរិកថ្មីកំពុងពិភាក្សាដើម្បីបន្តការដឹកជញ្ជូនសព្វាវុធអាមេរិក ទៅកាន់ទីក្រុងគីវ ដោយមិនបាច់ចំណាយដើមទុនសំខាន់ៗរបស់អាមេរិក។

គេមិនច្បាស់ទេថាតើអាមេរិក មានគម្រោងស្នើឱ្យបណ្តាប្រទេសអឺរ៉ុប ទិញអាវុធអាមេរិកតាមរយៈកិច្ចសន្យាពាណិជ្ជកម្ម ឬដោយផ្ទាល់ពីឃ្លាំងស្តុកអាមេរិក។ គួរបញ្ជាក់ថា កិច្ចសន្យាពាណិជ្ជកម្មខ្លះអាចចំណាយពេលរាប់ឆ្នាំដើម្បីបញ្ចប់៕
