ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ បានរិះគន់យុទ្ធនាការ «សម្ពាធអតិបរមា» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ថា ជាការធ្វើឲ្យខូចដល់មូលដ្ឋានគ្រឹះសម្រាប់ការចរចា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។

លោក Pezeshkian បានធ្វើការអត្ថាធិប្បាយ នៅក្នុងរដ្ឋធានីតេអេរ៉ង់ ក្នុងអំឡុងពេលសុន្ទរកថារំលឹកខួបលើកទី ៤៦នៃជ័យជម្នះរបស់បដិវត្តឥស្លាមអ៊ីរ៉ង់ ដោយនិយាយថា៖«កាលពី ៤៦ឆ្នាំកន្លងទៅ ថ្ងៃនេះ ប្រជាជនអ៊ីរ៉ង់ បានបណ្តេញជនផ្តាច់ការ និងអ្នកជិះជាន់ចេញពីប្រទេសអ៊ីរ៉ង់។ ភាពជោគជ័យរបស់យើង គឺស្ថិតនៅលើសាមគ្គីភាព ការទំនាក់ទំនងគ្នាជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ក្នុងកិច្ចការរបស់ប្រទេសនេះ។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូំណាល់ ត្រាំ (Donald Trump) ដែលថា លោកស្វែងរកការចរចា ជាមួយអ៊ីរ៉ង់។ «ពួកគេបានថា ចង់ចរចា ប៉ុន្តែបើអ្នកពិតជាមានបំណងចរចា ហេតុអ្វីបានជាអ្នកប្រព្រឹត្តអំពើខ្វះការពិចារណាទាំងនេះ?»។

លោកក៏បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកថា អ៊ីរ៉ង់កំពុងបង្កអស្ថិរភាព ក្នុងតំបន់ ដោយលើកហេតុផលថា៖«អ៊ីស្រាអែលដែលមានការគាំទ្រពីអាមេរិក គឺជាប្រភពនៃអសន្តិសុខ ការទម្លាក់គ្រាប់បែកលើប្រជាជនស្លូតត្រង់ នៅតំបន់ហ្កាហ្សា លីបង់ ស៊ីរី អ៊ីរ៉ង់ និងគ្រប់ទីកន្លែង ដែលខ្លួនចង់បាន»។
ទន្ទឹមនឹងនោះ ដោយប្រតិកម្មតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិក ឲ្យមានការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi កាលពីថ្ងៃចន្ទបានសង្កត់ធ្ងន់ថា ប្រទេសនេះ នឹងមិនចូលរួមក្នុងការចរចាក្រោមសម្ពាធ និងការគំរាមកំហែងនោះទេ។
លោក Araghchi បាននិយាយថា៖«បច្ចុប្បន្ន យើងត្រូវប្រឈមមុខជាមួយប្រធានាធិបតីម្នាក់ នៅសហរដ្ឋអាមេរិក ដែលបានវិលត្រឡប់ទៅរកគោលនយោបាយសម្ពាធអតិបរមាប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់»។