ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)កាលពីថ្ងៃចន្ទ បានស្នើសុំជាផ្លូវការឲ្យប្រទេសអ៊ីតាលី ពន្យល់ពីមូលហេតុ ដែលប្រទេសនេះ បានដោះលែងបុរសជនជាតិលីប៊ីម្នាក់ ដែលសង្ស័យពីបទធ្វើទារុណកម្ម ឃាតកម្ម និងការរំលោភ ជាជាងបញ្ជូនលោក ទៅកាន់ទីក្រុងឡាអេនៃប្រទេសហូឡង់។

នគរបាលអ៊ីតាលី បានចាប់ខ្លួនលោក Ossama Anjiem ដែលគេស្គាល់ថា Ossama Al-Masri កាលពីខែមុន ប៉ុន្តែមិនធ្វើបត្យាប័នលោក ទៅប្រទេសហូឡង់ ដែលជាទីស្នាក់ការរបស់តុលាការ ICC ហើយបានបញ្ជូនលោកត្រឡប់ទៅប្រទេសលីប៊ីវិញ តាមយន្តហោះយោធាអ៊ីតាលី។

អ្នកនាំពាក្យរបស់តុលាការលោក Fadi El-Abdallah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បញ្ហានៃការមិនអនុលោមតាមច្បាប់របស់រដ្ឋនេះ ជាមួយនឹងសំណើនៃកិច្ចសហប្រតិបត្តិការសម្រាប់ការចាប់ខ្លួន និងការប្រគល់ខ្លួនដោយតុលាការ គឺនៅចំពោះមុខអង្គជំនុំជម្រះមានសមត្ថកិច្ច»។
ថ្លែងទៅកាន់សភាកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីតាលី លោក Carlo Nordio បានការពារការសម្រេចចិត្តបញ្ជូនលោក Al-Masri ត្រឡប់ទៅប្រទេសលីប៊ីវិញ ដោយអះអាងថា តុលាការ ICC បានចេញដីកាចាប់ខ្លួនមិនត្រឹមត្រូវ និងមានកំហុស។ លោកបានប្រាប់សមាជិកសភាថា តុលាការនេះ បានដឹងថា មានភាពស្មុកស្មាញយ៉ាងខ្លាំង ជុំវិញករណីនេះ។