ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន រឹបអូសគ្រឿងញៀនចំនួនជាង ១៦៧ គីឡូក្រាម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដើម្បី បើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទម្នាក់ សញ្ជាតិកាណាដារូបនេះតាមនីតិវិធី។
ប្រតិបត្តិការណ៍ចុះបង្រ្កាប់នេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលដៅទី ២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នេះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា អាយុ៥២ឆ្នាំ កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 រួមទាំងដកហូតវត្ថុតាងសរុបជាង១៦៧គីឡូក្រាម រួមមាន ប្រភេទអ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៌ផ្កាឈូក ប្រមាណជាង៨ម៉ឺនគ្រាប់ ស្មើទម្ងន់ ជិត៣០គីឡូក្រាម។ ប្រភេទអ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៌ប្រផេះ ប្រមាណជាង១៥ម៉ឺនគ្រាប់ ស្មើទម្ងន់ ជាង៦០គីឡូក្រាម។ ប្រភេទ អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ជាង៥០គីឡូក្រាម។ ប្រភេទអ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ ជាង២៤គីឡូក្រាម។
ប្រភេទនីមេតាហ្សេប៉ាម(Nimetazepam) ជាង៩ពាន់គ្រាប់ ស្មើទម្ងន់ ជាង១៧គីឡូក្រាម។ ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជិត១គីឡូក្រាម។ ប្រភេទ កេតាមីន (Ketamine) ជាង២គីឡូក្រាម។ និងដកហូតអាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រងចាំការចោទប្រកាន់របស់អយ្យការ បញ្ជូនសុំរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត៕អត្ថបទ៖ កុម្ភះ