រដ្ឋាភិបាលថ្មីរបស់ប្រទេសលីបង់ ទទួលបានសុទិដ្ឋិនិយមយ៉ាងខ្លាំងពីប្រជាជនរបស់ខ្លួន ដែលបានស៊ូទ្រាំនឹងភាពជាប់គាំងផ្នែកនយោបាយ វិបត្តិសេដ្ឋកិច្ច និងនាពេលថ្មីៗនេះ ជម្លោះដ៏បំផ្លិចបំផ្លាញរវាងអ៊ីស្រា អែល និងកងជីវពលលីបង់ហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
នៅពេលដែលផ្លូវនានានៃទីក្រុងបេរូត( Beirut) មានការជជែកដេញដោលគ្នា ប្រជាពលរដ្ឋ បានបង្ហាញពីក្តីសង្ឃឹម និងការមន្ទិលសង្ស័យជាច្រើន អំពីការដឹកនាំរបស់នាយករដ្ឋមន្ត្រី Nawaf Salam និងឱកាសដែលលោក អាចទាញប្រទេសលីបង់ ចេញផុតពីវិបត្តិដ៏ច្រើន និងសម្រេចបាននូវស្ថិរភាព។
ការបង្ហាញជាទូទៅរបស់ជនជាតិលីបង់ ដែលបាននិយាយទៅកាន់សារព័ត៌មានArab News គឺ«យើងមានសុទិដ្ឋិនិយមដោយការថ្លឹងថ្លែង»។ ខណៈពេលដែលមនុស្សជាច្រើន នៅតែមានការប្រុងប្រយ័ត្ន បន្ទាប់ពីរាប់ទសវត្សរ៍នៃអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ អ្នកខ្លះមើលឃើញថា ការតែងតាំងលោក Salam ដែលជាអតីតចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ និងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក គឺ ជាចំណុចរបត់ដ៏មានសក្តានុពលមួយ។
ការចាប់ផ្តើមនៃឆ្នាំ ២០២៥ បានឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរសម្រាប់ប្រទេសលីបង់ ខណៈដែលប្រទេសនេះ បានរួចផុតចេញពីការប្រហារជាច្រើនខែរបស់អ៊ីស្រាអែល។ បន្ទាប់ពីរយៈពេលជិតបីឆ្នាំ ដោយគ្មានប្រធានាធិបតី លីបង់ឥឡូវនេះ មានប្រមុខរដ្ឋថ្មី រួមជាមួយនឹងរដ្ឋាភិបាលមួយ ដែលមានភារកិច្ច ដឹកនាំប្រទេសនេះ ឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត។
ទោះយ៉ាងណាក៏ដោយ ស្រមោលនៃវិបត្តិអតីតកាល នៅតែធំ។ ប្រទេសលីបង់ នៅតែជាប់គាំងយ៉ាងខ្លាំងនៅក្នុងភាពចលាចលនយោបាយ និងសេដ្ឋកិច្ច។ ប្រាក់ផោនលីបង់ បានបាត់បង់ច្រើនជាង ៩០ភាគរយនៃតម្លៃរបស់វា ចាប់តាំងពីឆ្នាំ ២០១៩ ដោយធ្វើឲ្យប្រជាជនភាគច្រើន ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។