ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Ashgabat នៃប្រទេសតួកមេនីស្ថាន លោក Ali Mojtaba Rouzbahani បាននិយាយថា អ៊ីរ៉ង់ប្តេជ្ញាចំពោះសន្តិសុខនៃប្រទេសក្នុងតំបន់របស់ខ្លួន ហើយគិតថា ជម្លោះទាំងអស់ គឺកើតចេញពីការជ្រៀតជ្រែករបស់រដ្ឋបរទេស។
លោកបាននិយាយនៅឯពិធីអបអរនៅស្ថានទូតអ៊ីរ៉ង់ ក្នុងខួបលើកទី ៤៦ នៃបដិវត្តន៍ឥស្លាមថា៖«គោលដៅរបស់យើង គឺបង្កើតទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដែលមានតុល្យភាពល្អ ជាមួយប្រទេសទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយភាពតានតឹង សន្តិសុខសមូហភាព និងការដោះស្រាយវិបត្តិក្នុងតំបន់។ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការប្រឆាំងនឹងការដាក់ទណ្ឌកម្មខុសច្បាប់របស់សហរដ្ឋអាមេរិក គឺជាសមាសធាតុដ៏សំខាន់នៃយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់យើង។ យើងប្តេជ្ញាចិត្តក្នុងការខិតខំ ដើម្បីយុត្តិធម៌ សមភាព សន្តិភាព ស្ថិរភាព
និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់។ ការជ្រៀតជ្រែកពីបរទេស គឺជាប្រភពសំខាន់នៃជម្លោះ និងភាពតានតឹង នៅក្នុងតំបន់ ហើយការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខនៃប្រទេសទាំងអស់ក្នុងតំបន់ គឺមិនអាចមានការរង្គោះរង្គើទេ។
យោងតាមអ្នកការទូតអ៊ីរ៉ង់រូបនេះ បានឲ្យដឹងថា គោលនយោបាយការបរទេសរបស់ប្រទេសនេះ គឺសំដៅការពារផលប្រយោជន៍ជាតិ ធានាសន្តិសុខជាតិ និងពង្រីកការទូតសេដ្ឋកិច្ច។ លោកបានថ្លែងថា៖«ដោយគិតពីគោលនយោបាយការបរទេសសកម្ម ខ្លាំងក្លា និងមានប្រសិទ្ធភាពរបស់ខ្លួន អ៊ីរ៉ង់បានពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិ និងតំបន់» ដោយលើកឡើងពីសមាគម BRICS អង្គការសហប្រតិបត្តិការសៀងហៃ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី និងស្ថាប័នផ្សេងៗទៀត។