ពោធិ៍សាត់ ៖ កម្មករ កម្មការិនី រោងចក្រកាត់ដេរ ចំនួនជិតពីរពាន់នាក់ នៅក្នុងស្រុកក្រគរ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ កាលពីម្សិលមិញ។
ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនកម្មករ កម្មការិនី រោងចក្រកាត់ដេរ ចំនួនជិតពីរពាន់នាក់ នៅក្នុងស្រុកក្រគរ ដើម្បីជួយសម្រួលជីវភាពនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ បាននាំមកនូវកាសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹក និងគិតគូរអំពីសុខទុក្ខដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តែងតែផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ ដែលធ្ងន់ធ្ងរជាងគេជាមុន ហើយក៏មិនភ្លេចពីការលំបាកខ្វះខាតរបស់កម្មករ កម្មការិនី ដែលរងការប៉ះពាល់ ដោយកត្តាផ្សេងៗនោះដែរ ពោលគឺបានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទ នៃការរងគ្រោះទាំងអស់ដោយមិនបានប្រកាន់ ឬរើសអើងពីនិន្នាការនយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈ ពណ៌ សម្បុរអ្វីឡើយ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែត្រូវបានទទួលនូវការឧបត្ថម្ភស្មើៗគ្នាគ្រប់ក្រុមគ្រួសារ។
ឯកឧត្ដម បានបញ្ជាក់ថា ជិតពីរឆ្នាំកន្លងមកនេះ នៅក្នុងពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជា ជួបបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ តែដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋឥតគិតថ្លៃ ស្ទើរគ្រប់គ្នាហើយ មកទល់ពេលនេះ ធ្វើឱ្យអ្នកឆ្លង និងអ្នកស្លាប់មមានអត្រាទាបជាងបណ្តាប្រទេសជិតខាង។ តែទោះជាយ៉ាងនេះក៏ដោយ សូមបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ៕
អត្ថបទ៖ ពៅ ភិរុណ