កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក បានលុបចោលការផ្អាក លើការបរិច្ចាគស្បៀងអាហារ ដោយបានបញ្ចប់នូវការហាមឃាត់ដែលអង្គការឃ្លាំមើលជំនួយ កាលពីថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) បានព្រមានថា បានធ្វើឲ្យអាហារ ៥០០.០០០តោន ដែលបច្ចុប្បន្ន ទុកនៅសមុទ្រ ឬត្រៀមរួចជាស្រេច ដើម្បីដឹកជញ្ជូនទៅចែកចាយ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។
តាមរយៈក្នុងសារ នៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី៩ ខែកុម្ភៈ WFP បានឲ្យដឹងថា៖ «ការផ្អាកថ្មីៗនេះលើជំនួយស្បៀងអាហារដែលត្រូវបានទិញពីកសិករសហរដ្ឋអាមេរិកដោយប្រើមូលនិធិ Title II ត្រូវបានលុបចោល។ នេះមានន័យថា ការទិញ និងចែកចាយអាហារ អាចបន្តឡើងវិញក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយ USAID (ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ)»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ការទិញទំនិញផលិតដោយកសិករអាមេរិក សម្រាប់ការបរិច្ចាគ ទោះបីជាមានការលើកលែង សម្រាប់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ក៏ដោយ ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្អាកជំនួយបរទេសទាំងអស់រយៈពេល ៩០ថ្ងៃ ដើម្បីពិនិពិនិត្យឡើងវិញថា តើជំនួយទាំងនោះស្របតាមគោលនយោបាយការបរទេស «America First» (អាមេរិកទី១) របស់លោក ឬទេ។
សហរដ្ឋអាមេរិក ក៏បានប្រាប់ WFP ឲ្យបញ្ឈប់ការងារលើជំនួយរាប់សិបដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ជាបទបញ្ជាដែលកើតមានឡើង ៥ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ចេញការលើកលែងផ្នែកស្បៀងអាហារ។ ជំនួយរបស់ USAID ដែល WFP ត្រូវបានប្រាប់ឲ្យបញ្ឈប់ការងារ មានតម្លៃរាប់សិបលានដុល្លារ និងផ្តល់ជំនួយជាស្បៀងអាហារដល់ប្រទេសក្រីក្រជាច្រើន រួមមានយេម៉ែន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល ហៃទី និងម៉ាលី៕


