វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង បានកាត់បន្ថយការព្យាករណ៍កំណើនរបស់ខ្លួន សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាលើកទី២ ក្នុងរយៈពេល ៤ខែ នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ ដោយបង្ហាញពីការព្រួយបារម្ភ អំពីផលប៉ះពាល់នៃការពង្រីកការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ឥឡូវនេះ បានព្យាករថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង នឹងកើនឡើង ១,៦ ភាគរយ នៅឆ្នាំ២០២៥ ពោលគឺទាបជាង ០,៤ភាគរយនៃកម្រិតប៉ាន់ស្មានពីមុន ដែលបានប្រកាសក្នុងខែវិច្ឆិកាឆ្នាំមុន។

លោកស្រី Kim Jiyeon សេដ្ឋវិទូរបស់វិទ្យាស្ថាន KDI បាននិយាយថា៖ «ការបាត់បង់នូវបរិយាកាសពាណិជ្ជកម្ម បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Trump គឺជាកត្តាចម្បងមួយ។ ប្រទេសកូរ៉េខាងត្បូងក៏កំពុងប្រឈមនឹងអស្ថិរភាពនយោបាយដែលបណ្តាលមកពីការចោទប្រកាន់ទម្លាក់តំណែង និងការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌលើលោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីលោកបានដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូឆ្នាំមុន»។
លោក Jung Kyuchul ដែលជាប្រធានផ្នែកវិភាគម៉ាក្រូសេដ្ឋកិច្ចរបស់ KDI បាននិយាយថា តម្រូវការក្នុងស្រុក នៅតែទាប ដោយសារតែការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងទីផ្សារការងារធ្លាក់ចុះ ហើយល្បឿននៃការនាំចេញ កំពុងធ្លាក់ចុះ ដោយសារឧស្សាហកម្មសំខាន់ៗភាគច្រើន ក្រៅពីបន្ទះអេឡិចត្រូនិក ពិបាកក្នុងការមានសន្ទុះ។
លោក Jung បាននិយាយថា KDI អាចនឹងបន្ទាបការព្យាករណ៍កំណើនរបស់ខ្លួនទៀត ប្រសិនបើវិធានការពាណិជ្ជកម្មរបស់លោក Trump នៅតែមានសភាពខ្លាំងឡើងៗ ឬភាពចលាចលនយោបាយរបស់កូរ៉េខាងត្បូងនៅតែបន្តអូសបន្លាយទៀត៕


